ក្រសួង​ណែនាំ​៦ចំណុចឲ្យ​ប្រុង​ប្រយ័ត្ន​សុខភាព ​ដើម្បី​ជៀសវាងការកើត​ជំងឺ​​អំឡុង​ពេល​អាកាសធាតុ​ត្រជាក់

រាជធានីភ្នំពេញ ៖ នាយកដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង (CDC) នៃ​ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ បាន​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ប្រុង​ប្រយ័ត្ន​សុខភាព​ក្នុង​អំឡុង​ពេល​អាកាសធាតុ​ត្រជាក់។ នេះ​បើ​តាម​ការ​សរសេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក​របស់ CDC​។

CDC បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម ជំងឺ​តាម​រដូវកាល ដែល​ជួប​ញឹកញាប់​ក្នុង​អំឡុង​ពេល អាកាសធាតុ​ត្រជាក់ ចន្លោះ​ពី​ខែ​វិច្ឆិកា​ដល់​ខែ​មករា គឺ ជំងឺ​ផ្លូវ​ដង្ហើម​បណ្តាល​មក​ពី​វីរុស ដូចជា គ្រុន​ផ្តាសាយ រលាក​បំពង់​ក ដោយ​មេរោគ​ស្ត្រិបតូកូក (Streptococcus) និង រលាក​ក្រពះ​ពោះវៀន​ដោយវីរុស។​

CDC បាន​បង្ហាញ​វិធានការ​សាមញ្ញ​មួយ​ចំនួន ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​ថែរក្សា​ខ្លួន និង​អ្នក​ដទៃ​ទៀត​គឺ៖

១- ចូរ​ស្វែង​រក​ការ​ព្យាបាល​នៅ​គ្រឹះស្ថាន​សុខាភិបាល ប្រសិនបើ​អ្នក​មាន​ការ​ពិបាក​ដក​ដង្ហើម គ្រុន​ក្តៅ ក្អក ឈឺ​ក និង ឈឺ​សាច់ដុំ។

២- ត្រូវ​​ធ្វើ​ដំណើរ​តែ​នៅ​ពេល​ដែល​អ្នក​មាន​សុខភាព​ល្អ។ ប្រសិនបើ​អ្នក​គិត​ថា អ្នក​មាន ជំងឺ​ផ្តាសាយ ឬ មិន​ស្រួល​ខ្លួន (ឈឺ) ​អ្នក​គួរ​ពន្យារ​ផែនការ​ធ្វើ​ដំណើរ​របស់​អ្នក​រហូត​ដល់​គ្រុន​ក្តៅ​បាត់​ទៅ​វិញ យ៉ាង​ហោច​ណាស់​ ២៤​ម៉ោង។ គ្រុនក្តៅ​របស់​អ្នក​ នឹង​បាត់​ទៅ​វិញ​ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​ឱសថ​បញ្ចុះ កម្ដៅ​ឡើយ​។

៣- ពេល​អ្នក​ក្អក ឬ​កណ្ដាស់ ​ត្រូវ​ខ្ទប់​មាត់​របស់​អ្នក​ជាមួយ​ក្រណាត់​ ឬ​កន្សែង។ បើ​គ្មាន​ក្រណាត់​ ឬកន្សែង សូម​ក្អក​ ឬ​កណ្ដាស់​ដោយ​យក​ដៃ​អាវ​ខ្ទប់ មិន​ត្រូវ​ប្រើ​ដៃ​របស់​អ្នក​ទេ។

៤- លាង​សម្អាត​ដៃ របស់​អ្នក​ឲ្យ​បាន​ញឹកញាប់ ជាមួយ​សាប៊ូ និង​ទឹក។

៥- ជៀសវាង ប៉ះ​ភ្នែក ច្រមុះ​ និង​មាត់​របស់​អ្នក។

៦- ជៀសវាង ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​ឈឺ។

CDC បន្ត​ថា ទារក កុមារនិង មនុស្សមានវ័យចំណាស់ មាន​ហានិភ័យ​ខ្ពស់​ទាក់ទង​នឹងជំងឺ បណ្តាលមកពី​អាកាសធាតុត្រជាក់។ ទារក បាត់បង់​កម្ដៅ​រាងកាយ​រហ័ស​ជាង​មនុស្ស​ធំ។ លើសពី​នេះ​ទៅទៀត ទារក និងកុមារ​តូច មិន​អាច​រក្សា​កម្ដៅ​​រាងកាយ ឲ្យ​បាន​គ្រប់​បាន​ទេ។ ​

  • ទារក​អាយុ​តិច​ជាង​មួយ​ឆ្នាំ មិន​ត្រូវ​ដេក​នៅ​ក្នុង​បន្ទប់​ត្រជាក់​ទេ។ ការ​ផ្តល់​សម្លៀក​បំពាក់​ដែល​កក់ក្តៅ​ និងភួយ សម្រាប់​ទារក និង​ព្យាយាមរក្សា​សីតុណ្ហភាព​ឲ្យ​បាន​កក់ក្តៅ​នៅ​ក្នុង​បន្ទប់​របស់​ទារក។
  • មនុស្សវ័យ​ចំ​ណាស់ ជា​ញឹកញាប់​មាន​កម្ដៅ​រាងកាយ​តិច ដោយសារតែ​ការ​រំលាយ​អាហារ​ក្នុង​រាងកាយ​យឺត និង​សកម្មភាព​រាងកាយ​តិច។ មនុស្ស​វ័យ​ចំណាស់​ ក៏​មាន​ហានិភ័យ​ដែរ ដែល​ធ្វើឲ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​ថយ​ចុះ​ជាង​ធម្មតា ដែល​អាច​បណ្តាល​ឲ្​យស្លាប់ ដោយសារតែ ការឆ្លើយតប​របស់​រាងកាយ ជាមួយ​ភាព​ត្រជាក់ ជាពិសេស​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​។
  • កុមារ និង​មនុស្សវ័យ​ចំណាស់ ត្រូវតែ​ពាក់​សម្លៀកបំពាក់​ច្រើនជាន់ ពេល​អាកាសធាតុ​ត្រជាក់។ សម្លៀកបំពាក់​ច្រើន​ជាន់ គឺ​ដើម្បី​រក្សាភាព​កក់ក្តៅ​ក្នុង​ខ្លួនគាត់។ ជៀសវាង​ការ​ស្លៀកពាក់​តឹង ពីព្រោះ​វា​មិន​អាច​ឲ្យ​ឈាម ចរាចរ​ស្រួល​ក្នុង​រាងកាយ និង​បណ្តាល​ឲ្យ​បាត់បង់​កម្ដៅ​រាងកាយ។ ​
  • កុមារ និង​មនុស្ស​វ័យ​ចំណាស់ គួរ​ពាក់​មួក សម្លៀកបំពាក់​ដែលនាំ​ឲ្យ​កក់ក្តៅ និង​ស្រោម​ជើង នៅ​ពេល​ចេញ​ទៅ​ខាង​ក្រៅ នៅ​ក្នុង​អាកាសធាតុត្រជាក់ ដើម្បី​រក្សា​កម្ដៅ​ក្នុង​រាងកាយ ដែល​នឹង​បាត់បង់​តាមរយៈ ដៃ ក្បាល​ និង​ជើង៕