ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន២៥០នាក់ទៀត ក្នុងនោះ ២៤៥នាក់ជាករណីឆ្លងក្នុងស្រុក

បាងកក ៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ នៅថ្ងៃអង្គារ ទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មី ចំនួន២៥០នាក់ថ្មីទៀត ដោយក្នុងនោះ២៤៥នាក់ជាករណីឆ្លងក្នុងស្រុក និង០៥នាក់ទៀតជាករណីនាំចូល។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

ករណីឆ្លងថ្មីៗដែលត្រូវបានប្រកាសនៅថ្ងៃនេះ គឺជាការកើនឡើងកម្រិតខ្ពស់ថ្មីមួយទៀត លើសកាលពីថ្ងៃចន្ទម្សិលមិញ ដែលមានឆ្លង COVID-19 ជិត ២០០ករណី ក្រោយការផ្ទុះករណីឆ្លងយ៉ាងច្រើន ក្នុងពន្ធនាគារមួយនៃខេត្តណារ៉ាត់ធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ។

ក្នុងចំណោមករណីឆ្លង COVID-19 ក្នុងស្រុកទាំង ២៤៥ករណីនោះ គឺ១៥៦នាក់ត្រូវបានរកឃើញ នៅទីក្រុងបាងកក, ៣០នាក់ខេត្តណារ៉ាត់ធីវ៉ាត់, ២០នាក់នៅខេត្តសាមុតប្រាកាន, ១៨នាក់នៅឈុនបុរី, ០៧នាក់នៅខេត្តសាមុតសាខន និងខេត្តមួយចំនួនទៀតត្រូវបានរកឃើញក្នុងចំនួនតិចតួច។

សូមជម្រាបថា គិតត្រឹមថ្ងៃអង្គារនេះថៃមានករណីឆ្លង COVID-19 សរុប ២៩,៥៧១ករណី ក្នុងនោះមានអ្នកស្លាប់ ៩៥នាក់ និងជាសះស្បើយឡើងវិញ ២៧,៩៤៨នាក់ (ស្មើនឹង ៩៤.៥១%)៕