

ខណៈនេះ អ្នកឆ្លងជំងឺកូវីដ១៩លើលោកកើនដល់ជាង១៣៣លាននាក់ ស្លាប់ជាង២លាន ៨៨ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldomete បង្ហាញថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកបានកើនឡើងដល់ ១៣៣,០០៩,៥៥១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៨៨៥,២៧៨នាក់ និងជាសះស្បើយឡើងវិញ ១០៧,២៥៤,៣៣៧នាក់។
គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣១,៥៦០,៤៣៨នាក់ ស្លាប់ចំនួន ៥៧០,២៥៩នាក់ និងជាសះស្បើយចំនួន ២៤,១២២,១៣២នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១៣,១០៦,០៥៨នាក់ ស្លាប់ចំនួន ៣៣៧,៣៦៤នាក់ និងជាសះស្បើយ ១១,៥៥៨,៧៨៤នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១២,៧៩៩,៧៤៦នាក់ ស្លាប់ ១៦៦,២០៨នាក់ និងជាសះស្បើយ ១១,៧៨៩,៧៥៩នាក់៕