អាជ្ញាធរ​តៃវ៉ាន់​បញ្ចេញ​វីដេអូ​​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​រថភ្លើង​ធ្លាក់​ផ្លូវ​ដែលសម្លាប់​មនុស្ស​៥០នាក់កាលពី​សប្ដាហ៍​មុន​

​តៃវ៉ាន់ ៖ មន្ត្រី​សុវត្ថិភាព​នៃ​ការដឹកជញ្ជូន​នៅ​តៃវ៉ាន់​បាន​បញ្ចេញ​វីដេអូ​ដែល​ថត​ចេញពី​ផ្នែក​ខាងមុខ​នៃ​រថភ្លើង​ដែល​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​មួយ​កាលពី​សប្តាហ៍​មុន​។​ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន CNA​។​

​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅក្នុង​ផ្លូវ​រូង​ក្រោម​ដី​ក្នុង​តំបន់ Hualien County កាលពី​ថ្ងៃ​សុក្រ​បានសម្លាប់​មនុស្ស​ចំនួន ៥០ នាក់​និង​ច្រើនជាង ២០០ នាក់​ទៀត​រងរបួស​។​

​ខ្សែអាត់​វីដេអូ​ដែល​ចេញផ្សាយ​ដោយ​ក្រុមប្រឹក្សា​សុវត្ថិភាព​ដឹកជញ្ជូន​តៃវ៉ាន់​កាលពី​ថ្ងៃ​អង្គារ​បង្ហាញថា​រថភ្លើង​បាន​បុក​នឹង​ឡាន​ដឹកទំនិញ​ដែល​បាន​រអិល​ចុះ​ពីលើ​ភ្នំ​ចូលទៅ​ផ្លូវដែក​ក្បែរផ្លូវ​រូង​ក្រោម​ដី​។​ទូរ​ខាងមុខ​របស់​រថភ្លើង​បាន​រអិល​ធ្លាក់ចុះ​ផ្លូវ ក្រោយពី​បុក​ជាមួយ​រថយន្ដ​ដឹកទំនិញ ហើយ​បាន​បុក​នឹង​ជញ្ជាំង​ផ្លូវ​រូង​ក្រោម​ដី ។​

​មន្ត្រី​ក្រុមប្រឹក្សាភិបាល​បាន​វិភាគ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​រថភ្លើង ហើយ​បាន​រកឃើញថា អ្នកបើកបរ​បានជា​ន់​ហ្វ្រាំង​ជាបន្ទាន់​រយៈពេល ៥ វិនាទី បន្ទាប់ពី​រថភ្លើង​បាន​ធ្លាក់​ចេញពី​ផ្លូវ​រូង​ក្រោម​ដី​មួយ​ផ្សេងទៀត​មុនពេល​បុក​រថយន្ត​ដឹកទំនិញ​នៅ ២ វិនាទី​ក្រោយមក ។​

​ក្រុមមន្ត្រី​បាន​និយាយថា រថភ្លើង​កំពុងធ្វើដំណើរ ១២១ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅពេលនោះ ហើយ​រថយន្ត​នៅខាងមុខ​របស់​រថភ្លើង​បាន​ខ្ទាតចូល​ទៅដល់​ជម្រៅ​ប្រហែល ៣២០ ម៉ែត្រ​ក្នុង​ផ្លូវ​រូង​ក្រោម​ដី ។​

​ពួកគេ​ប៉ាន់ប្រមាណ​ថា ឡាន​ដឹកទំនិញ​បាន​រអិល​ធ្លាក់​ទៅលើ​ផ្លូវដែក​ប្រហែល​មួយ​នាទី​មុនពេល​បុក ។​មន្ត្រី​ទាំងនោះ​ក៏មាន​គម្រោង​សិក្សា​កំណត់ត្រា​ប្រតិបត្តិការ​របស់​រថភ្លើង និង​រូបថត​ពីលើ​អាកាស​ដើម្បី​ស៊ើបអង្កេត​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​ឲ្យ​បាន​លម្អិត​បន្ថែម​ទៀតផង​ដែរ៕