លោកជំទាវ ដួង វណ្ណា នាំអំណោយលោកជំទាវម៉ែន សំអន ប្រគល់ជូនដល់ក្រុមការងារចត្តាឡីស័ក និងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លោកជំទាវ ដួង វណ្ណា លោកជំទាវ ពៅ សុភាព អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងក្រុមការងារបាននាំយកអំណោយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង ប្រគល់ជូនដល់ក្រុមការងារចត្តាឡីស័កថ្នាក់ស្រុក ក្រុមការងារចត្តាឡីស័កថ្នាក់ឃុំ ដែលមានឃុំស្វាយធំ ឃុំគ្រួស ឃុំស្វាយអង្គ ឃុំធ្លក និងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២ទីតាំង នៅអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងនៅមណ្ឌលសុខភាពឃុំឈើទាល។

មានប្រសាសន៍ក្នុងពិធីចែកសម្ភារនេះ លោកជំទាវ ដួង វណ្ណា សំណូមតាមអង្គភាព និងឃុំត្រូវអនុវត្តន៍ឲ្យបាននូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញ។

សម្ភារចែកជូនក្នុង១ទីតាំងរួមមាន ៖ មីចំនួន៥កេស, ទឹកសុទ្ធ៥កេស, ម៉ាស៤០០ម៉ាស, អាល់កុល១០លីត្រ និងកង្ហារ២៕ ដោយ ៖ ភក្តី