នាវាចម្បាំងដែលលិចអំឡុងសម័យសង្គ្រាមនាទសវត្សឆ្នាំ១៩៧០ ក្នុងទន្លេនៅខេត្តកំពង់ចាមត្រូវបានស្រង់ចេញពីទឹក

ខេត្តកំពង់ចាម ៖ នាវាចម្បាំងដែលបានលិចអំឡុងសម័យសង្គ្រាមនៅកម្ពុជា នាទសវត្សឆ្នាំ១៩៧០ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានកម្លាំងជំនាញស្រង់មកលើគោកហើយ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ។ នាវាចម្បាំងនេះ បានលិចកប់ក្នុងបាតទន្លេ មានជម្រៅរហូតដល់ ២៧,៥ម៉ែត្រ ព្រមទាំងគ្រប់ដណ្តប់ដោយដីខ្សាច់នៅលើយ៉ាងច្រើនផងដែរ។

បើតាមមេបញ្ជាការនៃទីបញ្ជាការដ្ឋានកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក ឧត្តមសេនីយ៍ទោ ម៉ី សុភា បានឱ្យដឹងថា ក្នុងនាវាចម្បាំងនេះ មានគ្រាប់យុទ្ធភ័ណ្ឌប្រមាណ ៩០ភាគរយ ដែលមានទ្រង់ទ្រាយល្អ នឹងត្រូវដោះបន្សាបសម្រាប់ទុកដាក់តាំងក្នុងសារមន្ទីរ និង១០% ដែលជាគ្រាប់ខូចទ្រង់ទ្រាយ ពុកផុយ មិនអាចធ្វើការដោះបន្សាបបាន ត្រូវបានធ្វើការកម្ទេចចោល។ លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា រយៈពេល៦ខែមកនេះ កម្លាំងជំនាញបានប្រមូល និងស្រង់គ្រាប់យុទ្ធភ័ណ្ឌមកលើគោកជាបន្តបន្ទាប់។

បើតាមរបាយការណ៍ គឺចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ២០២១ ក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌសរុបប្រមាណ១៦តោន ព្រមទាំងបំណែកឆ្អឹងសពមនុស្សចំនួន៦ និងសម្ភារសឹកមួយចំនួនទៀត៕