ឯកឧត្ដម ថង សាវុន ចុះពិនិត្យការដ្ឋានជួសជុលកំណាត់ផ្លូវលេខ៧៨-៥ ចន្លោះពីស្រុកអូរជុំ និងស្រុកតាវែង

 

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ថង សាវុន អភិបាលខេត្តរតនគិរី អមដំណើរដោយលោក អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ និងកងកម្លាំងទាំង៣ប្រភេទ បានអញ្ជើញចុះពិនិត្យស្ថានភាពជួសជុលកំណាត់ផ្លូវលេខ៧៨-៥ ប្រវែង៨គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ ចាប់ពីចំណុចភ្នំវែង ចន្លោះពីស្រុកអូរជុំ និងស្រុកតាវែង ហើយផ្លូវមួយខ្សែនេះចាប់ផ្តើមជួសជុលនៅដើមខែមីនា គ្រោងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។

នាឱកាសនេះឯកឧត្តម ថង សាវុន បានចាត់ទុកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពានជាសរសៃឈាមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការដឹកជញ្ជូនកសិផលផ្សេងៗ ដែលប្រមូលផលបានទៅកាន់ទីផ្សារ ក៏ដូចជាភាពងាយស្រួល ក្នុងការដឹក សំភារៈឧបភោគបរិភោគ សម្ភារសំណង់ សម្រាប់ផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ ដើម្បីដំណើរការជួសជុល ផ្លូវនេះអោយទទួលបានជោគជ័យ ឯកឧត្តមអភិបាលខេត្តសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ មេត្តាជួយសហការ កុំដឹកជញ្ជូនគ្រួស ថ្មខ្សាច់ ដោយគ្មានការវេចខ្ចប់ឱ្យបានត្រឹមត្រូវ និងលើសទម្ងន់។ ពិសេសអាជ្ញាធរដែនដី មេត្តាផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ សូមចូលរួមសហការសម្របសម្រួលរាល់បញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូន។

ទាក់ទងនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តមអភិបាលខេត្តបានសំណូមពរដ៏ទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរលើដងផ្លូវ សូមមេត្តាយោគយល់ អធ្យាស្រ័យយោគយល់គ្នា គោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីធានា ការពារ អាយុជីវិត ក្នុងពេលធ្វើដំណើរ បើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ បើកម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងបើកបរ មិនលើសល្បឿនកំណត់ បើពុំនោះទេ បងប្អូននឹងត្រូវទទួលការផាកពិន័យ។

ឆ្លើយតបនឹងសភាពការណ៍នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងមានការឆ្លងរាតត្បាត ជំងឺកូវីដ-១៩ ក្នុងសហគមន៍ ឯកឧត្តម ថង សាវុន បានអញ្ជើញចុះដល់ផ្សារទីរួមស្រុកតាវែង ដើម្បីជម្រុញឲ្យអាជ្ញាធរស្រុក ពង្រឹងវិធានការទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ១៩ ហើយឯកឧត្ដម ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋស្រុកតាវែងទាំងអស់ បន្តការថែរក្សាការពារខ្លួន ហើយបើមិនមានការចាំបាច់ទេ សូមកុំធ្វើដំណើរទៅខេត្តផ្សេង ពីព្រោះខេត្តមួយចំនួនកំពុងមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍។ យើងត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល នូវវិធានការ៣កុំ ៣ការពារ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ៕ ដោយ ៖ ភួង ផុន