ត្រឹម១យប់ រកឃើញអ្នកឆ្លងកូវីដជាង១០០នាក់ អាជីវករ-សន្តិសុខផ្សារអូឫស្សី និងកម្មករោងចក្រឌីនហាន

ភ្នំពេញ ៖ គិតត្រឹមវេលាម៉ោងជិត៩យប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ យប់មិញនេះ មន្ត្រីសុខាភិបាល បានរកឃើញកម្មករនៅរោងចក្រកាត់ដេរ «ឌីន ហាន» ឆ្លងជំងឺកូវីដ១៩ ជិត៥០នាក់។

នៅយប់ថ្ងៃដដែល អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ព្រមទាំងមន្រ្តីសុខាភិបាល បានយកសំណាកទៅលើបងប្អូនកម្មករនៅក្នុងរោងចក្រផ្ទាល់តែម្តង ដើម្បីស្វែងរកកូវីដ១៩ និងបានអំពាវនាវដល់កម្មករកម្មការនីទាំងអស់ដែលបម្រើការនៅរោងចក្រមួយនេះ ត្រូវមកយកសំណាកដើម្បីពិនិត្យជាបន្ទាន់ បើមិនដូច្នេះទេមិនអនុញ្ញាតឲ្យចូលធ្វើការឡើយ។

តាមរបាយការណ៍របស់អាជ្ញាធរខណ្ឌមានជ័យ បានឲ្យដឹងថា រោងចក្រកាត់ដេរ «ឌីន ហាន» មានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្មករដែលកំពុងបម្រើការងារនៅក្នុងរោងចក្រមួយនេះមានចំនួន២៥៦២នាក់។

នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដដែលនេះ អាជីវករ និងសន្តិសុខនៅផ្សារអូរឫស្សី ជាង៥០នាក់ទៀត ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់។ ដូច្នេះនាំឱ្យកំណើនអ្នកឆ្លងត្រឹមតែមួយយប់កើនឡើងជាង១០០នាក់ហើយ។

ជាមួយគ្នានេះ អាជ្ញាធរសូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអាជីវករ និងសន្តិសុខដែលឆ្លងជំងឺកូវីដ១៩ ទាំងនោះ សូមទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅវិទ្យាល័យបាក់ទូក ហើយសម្រាប់ក្រុមអាជីវករ សន្តិសុខ បុគ្គលិកបម្រើការងារនៅផ្សារ ព្រមទាំងគ្រួសាររបស់អាជីវករ សូមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវដាច់ខាត កុំចេញទៅណាទាំងអស់ បើមិនទាន់គ្រប់១៤ថ្ងៃ ជាមួយលទ្ធផលតេស្តអវិជ្ជមាន៕