ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១១៣នាក់ ខណៈអ្នកជំងឺចំនួន៩០នាក់ជាសះស្បើយ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន១១៣នាក់ សុទ្ធសឹងជាករណីឆ្លងសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ»  ខណៈអ្នកជំងឺចំនួន៩០នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣០២៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន១៩១៤នាក់ ស្លាប់២៤នាក់ និងអ្នកជំងឺចំនួន១០៨៥នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕