

វីរុសបម្លែងខ្លួនអង់គ្លេសកំពុងវាយលុកខ្លាំងនៅទីក្រុងបាងកក

បាងកក ៖ ក្រុមអ្នកជំនាញផ្នែកមេរោគបាននិយាយកាលពីថ្ងៃពុធម្សិលមិញថា វីរុសកូវីដបំប្លែងខ្លួនចក្រភពអង់គ្លេសដែលរីករាលដាលយ៉ាងឆាប់រហ័ស គឺជាភ្នាក់ងារបង្កការឆ្លងជាចង្កោមដែលត្រូវបានគេរកឃើញនៅតាមកន្លែងកម្សាន្តនានាទូទាំងទីក្រុងបាងកក។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Bangkok Post។
ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែកជីវសាស្ត្រ នៅសកលវិទ្យាល័យ Chulalongkorn លោក Yong Poovorawan បាននិយាយកាលពីថ្ងៃពុធ ក្នុងសន្និសីទកាសែតមួយនៅឯក្រសួងសុខាភិបាលសាធារណៈថា “ប្រសិនបើអាចធ្វើទៅបាន យើងមិនគួរមានការធ្វើដំណើរ ឬចលនាណាមួយទេនាពេលឥឡូវនេះ។ បើសិនជាមិនអាចត្រូវតែមានវិធានការរឹតត្បិតដើម្បីគ្រប់គ្រងជំងឺនេះ”។
ស្របពេលជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត បានព្រមានប្រឆាំងនឹងការធ្វើដំណើរដែលមិនចាំបាច់ក្នុងអំឡុងពេលនៃរដូវបុណ្យចូលឆ្នាំ ដោយលោកបានប៉ាន់ស្មានថា ចំនួននៃការឆ្លងថ្មីអាចហក់ឡើងខ្ពស់។
បច្ចុប្បន្ន ភាគច្រើននៃករណីឆ្លងថ្មីពាក់ព័ន្ធនឹងមនុស្សវ័យក្មេងគឺមិនបញ្ចេញរោគសញ្ញាទេ ឬបញ្ចេញរោគសញ្ញាតិចតួច ដែលជាហេតុធ្វើឲ្យពិបាកបែងចែករវាងអ្នកឆ្លង និងអ្នកមិនឆ្លង។ ទន្ទឹមនោះ អ្នកឯកទេសរូបនេះក៏បានជំរុញឲ្យរដ្ឋាភិបាលពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាជន ប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ៕