ពលរដ្ឋរិះគន់អាជ្ញាធរ និងសមត្ថកិច្ចដែលស្ងប់ស្ងៀមមិនហ៊ានបង្ក្រាបសង្វៀនបញ្ជល់មាន់បង្កប់អាប៉ោងរបស់ឈ្មោះ ” ហុក ” និងឈ្មោះ ” ដា ” នៅស្រុកកងមាស

ខេត្តកំពង់ចាម ៖ ទីតាំងស្វៀនបញ្ជាក់មាន់បង្កប់អាប៉ោងដ៏ធំមួយកន្លែងនៅចំណុចចំការស្វាយ ក្បែរស្ពានថ្មីចម្ងាយ៣០០ម៉ែត្រ ទល់មុខមណ្ឌលសុខភាពខ្ចៅ ស្ថិតក្នុងភូមិខ្ចៅ ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម បានបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងជាច្រើនថ្ងៃមកហើយ មិនខ្លាចពីការឆ្លងជំងឺកូវីដ-១៩ ទាល់តែសោះ ខណៈជំងឺដ៏កាចសាហាវមួយនេះកំពុងរាតត្បាតស្ទើរតែគ្រប់ទីកន្លែងគួរឲ្យបារម្ភបំផុត។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងក្រុមអ្នកញៀនល្បែងបញ្ជល់មាន់មួយចំនួនបានប្រាប់អង្គភាពព័ត៌មាន “ភ្នំពេញដេលី” PHNOM PHENH DAILY MEDIA ឲ្យដឹងថា ម្ចាស់ទីតាំងសង្វៀនបញ្ជល់មាន់មាន ឈ្មោះ ” ហុក ” និងមេបាញ់អាប៉ោងមានឈ្មោះ ” ដា ” បានបើកដំណើរការលេងជារៀងរាល់ថ្ងៃចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ៧យប់ និងចាក់ភ្នាល់ស៊ីសងចាញ់ឈ្នះលក្ខណៈទ្រង់ទ្រាយធំៗទៀតផង។

សេចក្តីរាយការណ៍ដដែលបន្តថា នៅថ្ងៃសុក្រ ចុងសប្តាហ៍នេះ គឺមានការប្រកួតទ្រង់ទ្រាយធំ និងច្រើនគូ ហើយមានការចាក់ភ្នាល់ស៊ីសងចាញ់ឈ្នះក្នុងមួយគូៗរាប់លានរៀល រហូតដល់ ខ្ទង់រយ ពាន់ដុល្លារ ក៏មានដែរ ដែលក្រុមអ្នកញៀនល្បែងកីឡាបក្សី និងញៀនចាក់អាប៉ោងមកពីគ្រប់ទិសទី ហើយបានធ្វើការប្រមូលផ្តុំគ្នាចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង៧យប់ទើបឈប់។

ប្រជាពលរដ្ឋរិះគន់ដល់អាជ្ញាធរ និងសមត្ថកិច្ចដែលស្ងប់ស្ងៀមមិនហ៊ានបង្ក្រាបសង្វៀនបញ្ជល់មាន់បង្កប់អាប៉ោងរបស់ឈ្មោះ ” ហុក ” និងឈ្មោះ ” ដា “នៅភូមិខ្ចៅ ឃុំខ្ចៅ ស្រុកកងមាស និងបានអំពាវនាវដល់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏ដូចជា ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត មានវិធានការជាបន្ទាន់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គម និងបង្ការកុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕ ដោយ ៖ សហការី