ពិតជាខ្លាំងមែន សូម្បីសមត្ថកិច្ចក៏មិនហ៊ានបង្ក្រាបទីតាំងសង្វៀនបញ្ជល់មាន់របស់ឈ្មោះ ហ៊ាន និង ឈ្មោះ រ័ត្ន នៅស្រុកកំពង់សៀម

ខេត្តកំពង់ចាម ៖ ទីតាំងសង្វៀនបញ្ជល់មាន់ និងអាប៉ោងមួយកន្លែងស្ថិតនៅចំណុចភូមិទួលស្រែ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ច្រកចូលតាមសាលារៀនបឋមសិក្សាទួលចំប៉ី) កំពុងបើកដំណើរការលេងយ៉ាងរលូនចាប់ពីម៉ោង១១ព្រឹក ដល់ម៉ោង៧យប់ មិនខ្លាចពីការចុះបង្ក្រាបពីកម្លាំងសមត្ថកិច្ច។

បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងក្រុមអ្នកញៀនល្បែងប្រកួតកីឡាបក្សីមួយចំនួនបានប្រាប់អង្គភាពព័ត៌មាន “ភ្នំពេញដេលី” PHNOM PHENH DAILY MEDIA ឲ្យដឹងថា ម្ចាស់ទីតាំងសង្វៀនបញ្ជល់មាន់ខាងលើមាន ឈ្មោះ ”ហ៊ាន” និង ឈ្មោះ ” រ័ត្ន” ហើយនិងឈ្មោះ “ដា” ជាមេបាញ់អាប៉ោងដ៏ល្បីល្បាញប្រចាំខេត្តកំពង់ចាម និងជាអ្នកកាងរត់ការ។

ប្រភពនិយាយថា ឈ្មោះ ”ដា” នេះតែងតែដើរអួតអាងប្រាប់គេឯងពីឥទ្ធិពលរបស់ខ្លួនដែលគ្មានសមត្ថកិច្ចណាម្នាក់ហ៊ានចុះទៅបង្ក្រាបទីតាំងរបស់ខ្លួនឡើយ ព្រោះខ្លួនបានរត់ការជាមួយថ្នាក់លើអស់ហើយ ប៉ុន្តែមិនមានការបញ្ជាក់ទេថា តើថ្នាក់លើណាខ្លះដែលហ៊ាន ឃុបឃិតជាមួយម្ចាស់ង្វៀនបញ្ជាល់មាន់ បង្កប់អាប៉ោងខាងលើ ដើម្បីតែលាភសក្ការៈ ជាថ្នូរមិនធ្វើការបង្ក្រាប ខណៈរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលកំពុងមមាញឹកក្នុងការទប់ស្កាត់មិនឲ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នោះ។

សេចក្តីរាយការណ៍បន្តថា ទីតាំងសង្វៀនបញ្ជល់មាន់ ដែលមានបង្កប់អាប៉ោងខាងលើនេះ បានដំណើរការយ៉ាងរលូនរយៈពេលមួយថ្ងៃមកហើយ និងមានការប្រកួតស៊ីសងចាញ់ឈ្នះទ្រង់ទ្រាយធំទៀតផង ហើយមានការប្រមូលផ្តុំមនុស្សម្នាមកពីគ្រប់ទិសទីយ៉ាងប្រសេកប្រសាច ដោយឡែកចំពោះអាជ្ញាធរ ហើយនិងសមត្ថកិច្ចបែរជាមិនព្រមចុះបង្ក្រាប ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គម ក៏ដូចជាការទប់ស្កាត់ការឆ្លងរាលដាននៃជំងឺកូវីដ-១៩ ឬមួយទទួលលាភសក្ការៈហើយមិនដឹង ?

អធិការនគរបាលស្រុកកំពង់សៀម លោកវរសេនីយ៍ ប៉ាន់ ដន អង្គភាពព័ត៌មាន “ភ្នំពេញដេលី” នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ បានធ្វើការទំនាក់ទំនងដើម្បីសូមការបញ្ជាក់ពាក់ព័ន្ធការអនុញ្ញាតដល់ទីតាំងសង្វៀនបញ្ជល់មាន់ដែលមានឈ្មោះ ” ហ៊ាន ” និងឈ្មោះ ” រ័ត្ន “ជាម្ចាស់ង្វៀន និងឈ្មោះ ” ដា “ជាមេបាញ់អាប៉ោង ដោយលោកប្រាប់ថា ចាំចុះទៅស្រាវជ្រាវមើល។

ចំណែក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម មិនទាន់អាចសុំការអត្ថាធិប្បាយបាននៅឡើយទេ ពាក់ព័ន្ធដំណើការទីតាំងសង្វៀនបញ្ជល់មាន់ខាងលើគិតត្រឹមម៉ោងផ្សាយនេះ៕ ដោយ ៖ សហការី