សង្វៀនបញ្ជល់មាន់របស់ថៅកែ “ហ៊ាន” និងថៅកែ “រ័ត្ន” រើកញ្ជើទៅដាក់នៅខាងក្រោយភ្នំប្រុសភ្នំស្រី

ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋ និងក្រុមអ្នកញៀនល្បែងប្រកួតកីឡាបក្សីបានរាយការណ៍ប្រាប់ដល់អង្គភាពព័ត៌មាន «ភ្នំពេញដេលី» PHNOM PHENH DAILY MEDIA នៅថ្ងៃនេះថា ថៅកែសង្វៀនបញ្ជល់មាន់ឈ្មោះ ” ហ៊ាន ” និងឈ្មោះ ” រ័ត្ន ” និងថៅកែជើងខ្លាំងខាងបាញ់អាប៉ោងឈ្មោះ ” ដា ” បានរើកញ្ជើទៅធ្វើការប្រកួតនៅកន្លែងថ្មីហើយ គឺខាងក្រោយភ្នំប្រុសភ្នំស្រី ស្ថិតក្នុងភូមិទួលពពេល ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សេចក្តីរាយការណ៍បន្តឲ្យដឹងថា ទីតាំងសង្វៀនបញ្ជាល់មាន់ខាងលើ បានចាប់ផ្តើមបើកដំណើរការនៅថ្ងៃនេះ ដែលការប្រកួតមានលក្ខណៈទ្រង់ទ្រាយធំ និងមានមនុស្សចូលរួមច្រើនកុះករមកពីគ្រប់ទិសទី ដែលសេចក្តីរាយការណ៍នេះ គ្រាន់តែជាការជម្រាបជូនទៅដល់អធិការនគរបាលស្រុកកំពង់សៀមលោកវរសេនីយ៍ ប៉ាន់ ដន ក៏ដូចជាស្នងការនគរបាលខេត្តកំពង់ចាម ឯកឧត្តម ឧត្តមសេនីយ៍ទោ ឯម កុសល និងអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជ្រាបក្រែងពុំបានទទួលព័ត៌មាន ដើម្បីមានវិធានការចុះបង្ក្រាប ធានាដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម និងបញ្ជៀសកុំឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ត្បិតថៅកែសង្វៀនបញ្ជល់មាន់ ឈ្មោះ “ហ៊ាន” និងឈ្មោះ “រ័ត្ន” ហើយនិងថៅកែបាញ់អាប៉ោងឈ្មោះ “ដា” នេះ ពិតជាជើងខ្លាំងអស្ចារ្យមែនល្បីល្បាញពេញខេត្តកំពង់ចាមទៅហើយមិនងាយសមត្ថកិច្ចណាហ៊ានចុះបង្ក្រាបទេ។

សូមជម្រាបថា រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់អំពីការបន្តរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៤៦នាក់បន្ថែមទៀត ជាសះស្បើយ៣៨នាក់ និងស្លាប់១នាក់ផងដែរ៕ ដោយ ៖ សហការី