ទីតាំងសង្វៀនបញ្ជល់មាន់ និងអាប៉ោងនៅស្រុកកងមាសកំពុងប្រឆាំងបម្រាមក្រសួងសុខាភិបាល

ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍មុននេះបន្តិចបានឲ្យដឹងថា មានទីតាំងសង្វៀនបញ្ជល់មាន់ដ៏ធំមួយកន្លែងស្ថិតនៅភូមិអង្គបានទី៩ ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាមបើកដំណើរការលេងយ៉ាងរលូនមិនខ្លាចពីការឆ្លងជំងឺកូវីដ-១៩ ពិសេសបម្លែងជំងឺ ដែលតា Delta ថ្មី។

សេចក្តីរាយការណ៍បានឲ្យដឹងថា ម្ចាស់ង្វៀនមានឈ្មោះ លឹម (ហៅលឹមអូររាំឪ) អតីតជាឈ្មួញរកស៊ីឈើ និងជាថៅកែកាស៊ីណូ និងឈ្មោះ ហាន ហើយឈ្មោះ ដា និងឈ្មោះ ម៉ាប់ ជាមេបាញ់អាប៉ោងដ៏ល្បីល្បាញប្រចាំខេត្តកំពង់ចាម គ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ទេ ព្រោះមានអ្នកកាងពីក្រោយខ្នង។

សេចក្តីរាយការណ៍បន្តថា ទីតាំងសង្វៀនញ្ជល់មាន់បង្កប់អាប៉ោងខាងលើ បើកដំណើរការក្នុងមួយសប្តាហ៍ចំនួន០៣ថ្ងៃ គឺថ្ងៃព្រហស្បតិ៍, សៅរ៍ និងអាទិត្យ ស៊ីសងចាញ់ឈ្នះលក្ខណៈទ្រង់ទ្រាយធំខ្ទង់ពាន់ដុល្លារក្នុងមួយគូៗ។

លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាសបានធ្វើការបដិសេធចំពោះព័ត៌មាននេះ ដោយលោកបញ្ជាក់ថា ពុំមានការបើកសង្វៀនបញ្ជល់មាន់នៅចំណុចទីតាំងខាងលើនេះទេ។

លោកឧត្តមសេនីយ៍ត្រី សិត សិលា ស្នងការរងទទួលដឹកនាំអធិការនគរបាលស្រុកកងមាស បានថ្លែងបញ្ជាក់ថា ចាំលោកសួរទៅខាងអធិការស្រុកសិន។

បើតាមសេចក្តីរាយការណ៍ដដែលបន្តថា ឈ្មោះ  ” ដា” ដែលជាមេបាញ់អាប៉ោងដ៏ល្បីប្រចាំខេត្តកំពង់ចាមនេះ ជានិច្ចកាលតែងតែដើរអួតអាងថា ខ្លួនបានរត់ការអស់ហើយមិនបាច់បារម្ភ គ្មានអ្នកណាហ៊ានចាប់ទេ ព្រោះខ្លួន “ដា ” បានរត់ការតាំងពីក្រោមរហូតដល់អភិបាលខេត្ត ដោយក្នុងក្នុងមួយថ្ងៃត្រូវចំណាយលុយចំនួន ៩០០ដុល្លារក្នុងការរត់ការនេះ។

ឯកឧត្តម អ៊ុន ច័ន្ទដា អភិបាលខេត្តកំពង់ចាម និងឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត មិនមានការឆ្លើយតបទេ ពាក់ព័ន្ធដំណើរការទីតាំងសង្វៀនបញ្ជល់មាន់ និងអាប៉ោងខាងលើនេះ។

សូមបញ្ជាក់ថា មុននេះបន្តិចមានលេខទូរស័ព្ទចំនួនពីរខ្សែគឺ 012 870 823 និង 077 467 968 បានព្យាយាមធ្វើការសម្របសម្រួលជាមួយអង្គភាពព័ត៌មាន “ភ្នំពេញដេលី” ដើម្បីសុំមិនឲ្យមានការចុះផ្សាយ ប៉ុន្តែត្រូវបានអង្គភាពយើងបដិសេធមិនទទួលយកសំណើនេះជាដាច់ខាត៕ ដោយ ៖ នាយខ្វែក