ក្នុងខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៤៤០ករណី កើនឡើង១១១ករណី

ភ្នំពេញ ៖ ក្នុងខែសីហា ឆ្នាំ២០២១ ដែលនៅក្នុងរយៈពេល១ខែនេះ សមត្ថកិច្ចយើងបង្ក្រាបបានបទល្មើសគ្រឿងញៀនសរុបចំនួន ៤៤០ករណី កើនឡើង១១១ករណី ស្មើនឹង៣៣,៧ភាគរយ ធៀបនឹងខែកក្កដា ឆ្នាំ២០២១។ ករណីល្មើសដែលបង្ក្រាបបានទាំងនោះរួមមាន ករណីរក្សាទុកជួញដូរ និងរក្សាទុកមានចំនួន៣៥៥ករណី, ករណីប្រើប្រាស់មានចំនួន៨៤ករណី និងករណីសំយោគកែច្នៃ១ករណី។ នេះបើយោងតាមផេកផ្លូវការសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

កិច្ចប្រតិបត្តិការខែសីហាកន្លងទៅនេះដែរ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន៨៦១នាក់។ ចំនួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទាំងនេះ មានការកើនឡើងចំនួន១២នាក់ ធៀបនឹងខែកក្កដា ឆ្នាំ២០២១ ស្មើនឹង១,៤ភាគរយ។ ក្នុងចំណោមជនសង្ស័យទាំនោះ រួមមានជនសង្ស័យក្នុងករណីជួញដូរ និងរក្សាទុកមានចំនួន៦៥០នាក់, ជនសង្ស័យក្នុងករណីប្រើប្រាស់គ្រឿងញៀន ២១០នាក់ និងជនសង្ស័យក្នុងករណីសំយោគ កែច្នៃ មាន១នាក់។ មានជនបរទេស២១នាក់ស្ថិតក្នុងចំណោមជនសង្ស័យទាំងនោះ។

ថ្វីដ្បិតថាករណីគ្រឿងញៀន និងចំនួនជនសង្ស័យដែលសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនបាន មានការកើនឡើងធៀបនឹងខែកក្កដា ប៉ុន្តែក្នុងកិច្ចប្រតិបត្តិការខែសីហានេះ ចំនួនគ្រឿងញៀនដែលសមត្ថកិច្ចចាប់យកបានថយចុះ១៦១គីឡូក្រាម និង៥៤៨,១៧ក្រាម ថយចុះ៧៣,៦ភាគរយ ពោលគឺសមត្ថកិច្ចយើងបានចាប់យកគ្រឿងញៀនសរុបចំនួន៥៧គីឡូក្រាម និង៩១២,៥៤ក្រាម ធៀបនឹងខែកក្កដា ដែលមានគ្រឿងញៀនចាប់យកជិត២២០គីឡូក្រាម។ កំណើនកាលពីខែកក្កដានោះ ក៏ដោយសារសមត្ថកិច្ចយើងបង្ក្រាបបានករណីធំៗ។

គ្រឿងញៀនដែលចាប់បានក្នុងខែសីហាឆ្នាំ២០២១នេះ រួមមាន ៖ មេតំហ្វេតាមីនក្រាមម្សៅជាង៣៧គីឡូក្រាម, មេតំហ្វេតាមីនគ្រាប់ជា៣៥គីឡូក្រាម, អ៊ិចស្រ្តាស៊ីជាង១២គីឡូក្រាម, កេតាមីនជាង៧គីឡូក្រាម, Ninetazepam ជាង២០០ក្រាម និងកញ្ឆាស្ងួតជាង១គីឡូ ក្រាម។ ក្នុងចំណោមករណីបង្ក្រាបបាននេះដែរ បទល្មើសគ្រឿងញៀនចាប់ពី១គីឡូក្រាមឡើងទៅមាន៤ករណី ស្មើនឹង៤ក្រុម ក្នុងនោះឃាត់ខ្លួនជនសង្ស័យបាន៨នាក់ បណ្ដាញ៨នាក់ ព្រមទាំងមានគ្រឿងញៀនសរុបករណីនេះដល់ទៅជាង២០គីឡូក្រាម សាធាតុផ្សំសរុបជាង២គីឡូក្រាម និងកញ្ឆាស្ងួតជាង១គីឡូក្រាម៕