សម្តេចតេជោបន្តផ្តល់រង្វាន់លើកទឹកចិត្តជូនដល់ លោកតា លោកយាយ អាយុលើសពី១០០ឆ្នាំដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តស្វាយរៀង ដើម្បីនាំយក រង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនលោកតា លោកយាយ ដែលមានអាយុលើសពី ១០០ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២នាក់ រស់នៅទីតាំងផ្សេងគ្នាក្នុងខេត្តស្វាយរៀង។

១-លោកយាយ សៅ នាង អាយុ ១០០ឆ្នាំ រស់នៅភូមិព្រៃចំបក់ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងទី២-លោកយាយ ជ័យ ពៅ អាយុ ១០០ឆ្នាំ រស់នៅឃុំពោធិរាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង

សូមបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុន សែន ដែលត្រូវផ្តល់ជូនលោកតា លោកយាយ ទាំង ២នាក់ នាពេលនេះ គឺម្នាក់ៗ ទទួលបាន ថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕