ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារដឹកនាំមន្ដ្រីរាជការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនដល់មន្ទីរពេទ្យបង្អែក១៦មករា

ខេត្តព្រះវិហារ ៖ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំមន្ដ្រីរាជការក្នុងមន្ទីរចូលរួមការងារមនុស្សធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនជនរងគ្រោះ និងអ្នកជំងឺដល់មន្ទីរពេទ្យបង្អែក១៦ មករាខេត្តព្រះវិហារ ។

មានប្រសាសន៍ក្នុងពេលបរិច្ចាគឈាម លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារបានសំដែងនូវការគួសម ព្រមទាំងធ្វើការសហការប្រកបដោយភាពវិជ្ជមានក្នុងការបរិច្ចាគឈាមប្រកបដោយសប្បុរសធម៌សម្រាប់ទ្រទ្រង់នូវតម្រូវការកង្វះឈាម នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករា ក្នុងការជួយដល់អ្នកជំងឺដែលត្រូវការឈាម។

លោកវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យបង្អែក១៦មករាបានធ្វើការបកស្រាយនូវសារសំខាន់ នៃការបរិច្ចាគឈាម ដែលមានគុណតម្លៃប្រកបដោយការស្ម័គ្រចិត្ត និងសប្បុរសធម៌។ លោកបានបន្ថែមថា កាបរិច្ចាគឈាមពុំមានអ្វីធ្វើឲ្យប៉ះពាល់ដល់សុខភាពឡើយ ហើយ ឈាមដែលបានបូមមកនេះ ក៏ពុំបានធ្វើឲ្យមានការបាត់បង់ ឈាមពីរាងកាយនោះឡើយ ជាមួយនេះក៏បានធ្វើឲ្យរាងកាយមានភាពរឹងមាំ និង មានភាពប្រសើរច្រើនសម្រាប់រាងកាយ ហើយឈាមនឹងក៏កើតឡើងវិញ។

លោកបន្តថា ការផ្ដល់ឈាមបានលុះត្រាតែអ្នកផ្ដល់ឈាមមានអាយុចាប់ពី១៨ឆ្នាំរហូតដល់៦០ឆ្នាំ និងមានទម្ងន់ចាប់ពី៤៥គីឡូឡើងទៅ អ្នកផ្ដល់ឈាមគឺត្រូវមានសុខភាពល្អប្រសើរ។ កន្លងមកមន្ដ្រីនៃមន្ទីរព័ត៌មានបានបរិច្ចាគឈាមដល់មន្ទីរសុខាភិបាល ខេត្តដើម្បីត្រៀមបំរុងសម្រាប់សង្គ្រោះអ្នកជំងឺដែលមានតម្រូវការឈាម ហើយមន្ទីរព័ត៌មាននឹងបន្តធ្វើការបរិច្ចាគឈាមនៅពេលក្រោយៗទៀត នៅពេលមន្ទីរសុខាភិបាលមានតម្រូវការឈាមបន្តទៀត។

សូមជម្រាបថា អ្នកចូលរួមក្នុងការបរិច្ចាគឈាម សរុប១៤នាក់ ក្នុងនោះមានស្រី៦នាក់ ប៉ុន្តែអ្នកដែលមានអាការៈ រឺស្ថានភាពសមស្របអាចបូមឈាមបានមានចំនួន ៧នាក់ ក្នុងនោះមានស្រី៣នាក់៕ ដោយ ៖ ជឹម ទូច