ឯកឧត្តម សោម ពិសិដ្ឋ អញ្ជើញបើកការដ្ឋានគម្រោងជួសជុលផ្លូវចាក់បេតុងអាមេ ១ខ្សែប្រវែង១,២៥០ម៉ែត្រក្នុងសង្កាត់កែប

ខេត្តកែប ៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្ត​កែប​ ព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង១,២៥០ម៉ែត្រ ទទឹង១០ម៉ែត្រ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៣៣ កាត់ខាងក្រោយវត្តកែវក្រសាំងឆ្ពោះទៅផ្លូវជាតិលេខ៣៣អា ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលជាចំណងដៃរបស់សម្ដេចតេជោជូនបងប្អូនក្នុងសម័យកាលកូវីដនេះ។

ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋាននាឱកាសនោះរួមមានពីឯកឧត្តម​សមាជិក​ក្រុមប្រឹក្សាខេត្ត លោក​ លោកស្រី​ អភិបាលរងខេត្ត តំណាងកងកម្លាំងទាំងបី​ នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ នាយក​ នាយករងទីចាត់ការសាលាខេត្ត​ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកស្រី​ អភិបាលក្រុងកែប ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងបងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងភូមិសាស្ត្រនៃការអភិវឌ្ឍន៍នេះផងដែរ។

នាឱកាសនោះ ឯកឧត្ដម សោម ពិសិដ្ឋ មានប្រសាសន៍ថា ការបើកការដ្ឋានជួសជុល និងចាក់បេតុងអាមេលើផ្លូវមួយខ្សែនេះ គឺអនុវត្តតាមផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីរួមចំណែកសម្រាល និងបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ដែលកន្លងមកតែងជួបនូវការលំបាក ម្យ៉ាងទៀតក៏ជាការចូលរួមចំណែក កែលម្អ សោភ័ណ្ឌភាព ក្នុងក្រុងកែបរបស់យើងផងដែរ។

ឯកឧត្តមបន្តថា នេះជាសកម្មភាពមួយដោយអនុវត្តតាមគោលនយោបាយជាតិដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយផ្តោតសំខាន់លើ មនុស្ស ទឹក ផ្លូវ ភ្លើង។ ឯកឧត្តមបញ្ជាក់ថា ផ្លូវនេះពិតជាមានសារសំខាន់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាចធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះទៅកាន់ឆ្នេរកែប ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារតាមផ្លូវនេះ បានយ៉ាងឆាប់រហ័ស និងងាយស្រួល។

ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋសូមចូលរួមសហការគ្នា​ ថែរក្សា​ និងដាំដើមឈើ នៅតាមបណ្ដោយផ្លូវនេះ​ ដើម្បីបង្កើននូវសោភ័ណភាព​ និងជាប្រយោជន៍សាធារណៈបានយូរអង្វែងផងដែរ។

បន្ថែមលើនេះឯកឧត្តមក៏បានអំពាវនាវ​ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស​ ឪពុកម្ដាយ​ដែលមានកូនចាប់ពីអាយុ១២ឆ្នាំ​ ដល់អាយុក្រោម១៨ឆ្នាំ​ ចុះក្រោម​ សូមនាំកូនទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ អោយបានគ្រប់ៗគា្ន និងត្រូវចូលរួមអនុវត្តវិធានការ «៣ការពារ ៣កុំ​» ទើបមិនមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង៕ (រដ្ឋបាលខេត្ត)