​អ៊ីស្រាអែល​​បន្ត​វាយប្រហារតាមផ្លូវអាកាសលើ​ទីតាំង​របស់​ហា​ម៉ាស​នៅ​តំបន់​ហ្គា​ហ្សា

ហ្គា​ហ្សា​ ៖ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​វាយប្រហារ​ទៅលើ​ទីតាំង​យោធា នឹង​គ្រឿង​បរិក្ខារ​ជាច្រើន​ដែលជា​កម្មសិទ្ធិ​របស់​ក្រុម​ប្រដាប់អាវុធ​នៃ​ចលនា​តស៊ូ​អ៊ីស្លាម (​ហា​ម៉ាស​) នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប (Gaza Strip) ដែលជា​ការឆ្លើយតប​ទៅ នឹង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ពី​តំបន់​ហ្គា​ហ្សា​។ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​នោះទេ។

ប្រភព​ដដែល​បាន​បន្តថា យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​វាយប្រហារ​ដោយ​គ្រាប់​មី​ស៊ី​លពី​អាកាស​ទៅលើ​ទីតាំង​យោធា ៥ កន្លែង​ផ្សេងៗ​គ្នា ដែល​ស្ថិតនៅ​ភាគ​ខាងជើង នឹង​ខាងត្បូង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ក្នុង​រយៈពេល ៣ ថ្ងៃ​ជាប់ៗ​គ្នា​ដើម្បី​ឆ្លើយតប​ទៅនឹង​គ្រាប់​រ៉ុ​ក​កែ​ត​ដែល​បាន​បាញ់​មក​អ៊ីស្រាអែល​។​

ក្រុម​សកម្មប្រយុទ្ធ​មិន​ស្គាល់មុខ​បាន​បាញ់​រ៉ុក្កែត​ចេញពី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប (Gaza Strip) ឆ្ពោះទៅ​អ៊ីស្រាអែល​តាំងពី​យប់​ថ្ងៃ​សុក្រ មក​ម្លេះ​។ រ៉ុក្កែត ៣ គ្រាប់​ត្រូវបាន​បាញ់​ឆ្ពោះទៅ​អ៊ីស្រាអែល​។ ប្រភព​ចុងក្រោយ​បាន​និយាយថា​មនុស្ស​យ៉ាងហោចណាស់ ៥ នាក់​បាន​រងរបួស ក្នុង​ហេតុ​ការ​ខាងលើនេះ​។​

គ្មាន​នរណាម្នាក់​ទទួល​ខុសត្រូវ​ចំពោះ​ការបាញ់​រ៉ុក្កែត​ទាំង ៣ គ្រាប់​ខាងលើនេះ​ទេ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​កងទ័ព​អ៊ីស្រាអែល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្រុម​ហា​ម៉ាស​ដែល​គ្រប់គ្រង​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​គឺ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការវាយប្រហារ​ដោយ​រ៉ុក្កែត​នេះ​៕