ក្នុងខែសីហា ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបានចំនួន ១៩២លានដុល្លារ

ភ្នំពេញ ៖ សម្រាប់ការប្រមូលចំណូលពន្ធក្នុងខែសីហា ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលបានចំណូលយ៉ាងល្អប្រសើរចំនួន១៩២លានដុល្លារអាមេរិក ខណៈដែលចំនួននេះត្រូវបានអគ្គនាយកដ្ឋានពន្ធដារចាត់ទុកថា ជាតួលេខលើសផែនការប្រចាំខែ ហើយថា ជាធម្មតាខែសីហា គឺជាខែប្រមូលចំណូលពន្ធបានកម្រិតទាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។

សេចក្តីប្រកាសក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែសីហា ឆ្នាំ២០២១ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូហ្ស៊ូម (Zoom) ឲ្យដឹងទៀតថា សម្រាប់រយៈពេល៨ខែ ឆ្នាំ២០២១នេះប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិបាន ១,៩០៩លានដុល្លារអាមេរិក ដែលស្មើនឹងជាង៨៥ភាគរយនៃច្បាប់ថវិកាជាតិ ឆ្នាំ២០២១ ហើយបើប្រៀប ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០ ថយចុះ៨ ភាគរយ។

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានដោយចាត់ទុកការប្រមូលចំណូលនេះ ជាលទ្ធផលដ៏ល្អប្រសើរ និងជាជោគជ័យរួមរបស់អគ្គនាយកដ្ឋានពន្ធដារ បើទោះបីស្ថិតក្នុងដំណាក់កាលនៃការអូសបន្លាយ នៃការរាតត្បាតជំងឺកូវីដ១៩ ក្តី។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូថ្លែងថា ការដាក់ចេញនូវវិធានការ និងការអនុវត្តតាមប្រព័ន្ធអនឡាញ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលអគ្គនាយកដ្ឋានពន្ធដារ បានបង្កើតជាបន្តបន្ទាប់ គឺជាការអនុវត្តប្រកបដោយបុរសកម្ម និងបានឆ្លើយតបនឹងបញ្ហាប្រឈមការលំបាកនានា ក្នុងបរិបទនៃការរាតត្បាតនៃជំងឺកូវីដ១៩នេះ ដែលបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលប្រមូលចំណូល ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១ សម្រេចបានរហូត ៨៥.១២% នៃច្បាប់ថវិកាឆ្នាំ២០២១នេះ៕