សប្តាហ៍ទី២ នៃខែកញ្ញា មានភ្ញៀវទេសចរជាង៦ម៉ឺននាក់ ចេញដើរកម្សាន្តនៅទូទាំងប្រទេស

ភ្នំពេញ ៖ តាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលទទួលបានពីគ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្ត បានឱ្យដឹងថា ក្នុងសប្ដាហ៍ទី២ នៃខែកញ្ញា (ថ្ងៃទី១១-១២) នៅទូទាំងប្រទេស កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៣,៤២១ នាក់ ក្នុងនោះមានភ្ញៀវជាតិ ៦២,៤៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩៥៩ នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* រាជធានីភ្នំពេញ៖ ១៨,៨៤៦ នាក់

* ខេត្តកំពត៖ ១៥,៧២១ នាក់

* ខេត្តកែប៖ ៧,៥៧០ នាក់

* ខេត្តតាកែវ៖ ៣,៧៣៦ នាក់

* ខេត្តព្រះសីហនុ៖ ៣,៣៨៤ នាក់

* ខេត្តពោធិ៍សាត់៖ ៣,២៥៨ នាក់

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា តួលេខនេះមានការកើនឡើង ២៤.២៥% ធៀបនឹងសប្តាហ៍កន្លងទៅ។ ជាការវាយតម្លៃបឋម ចរន្តភ្ញៀវទេសចរណ៍ផ្ទៃក្នុងនៅមិនទាន់មានចំនួនច្រើននៅឡើយទេ ខណៈរាជធានី-ខេត្តមួយចំនួននៅបន្តដាក់ចេញវិធានការរដ្ឋបាលដាច់ដោយឡែក ក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។

ឯកឧត្តមបានបន្តទៀតថា មន្ទីរទេសចរណ៍ដែលជាសេនាធិការឲ្យរដ្ឋបាលរាជធានី-ខេត្តបាននិងកំពុងជំរុញការផ្សព្វផ្សាយ និងចុះអនុវត្តយ៉ាងសកម្មនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាអប្បបរមា (SOP) ដែលក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្តកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១កន្លងមក នៅតាមមូលដ្ឋានអាជីវកម្មស្នាក់នៅ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍នានា ដើម្បីធានាការបើកដំណើរការមូលដ្ឋានអាជីវកម្មក្នុងគន្លងប្រក្រតីភាពថ្មី ប្រកបដោយសុវត្ថិភាពពីជំងឺកូវីដ-១៩ និងធានាបាននូវគុណភាពសេវាកម្មប្រកបដោយភាពពេញចិត្ត។

ជាងនេះទៀត ក្រសួងទេសចរណ៍ក៏បានដាក់ចេញសារាចរណែនាំ ដើម្បីគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌផងដែរ៕(ក្រសួងទេសចរណ៍)