ដំណឹងល្អ! ចិនរកឃើញថ្នាំគ្រាប់២ប្រភេទសម្រាប់ព្យាបាលជំងឺកូវីដ១៩

ចិន ៖ តាមការចេញផ្សាយរបស់សារព័ត៌មាន ​Global Times ឲ្យដឹងថា ក្រុមហ៊ុន Sinopharm កំពុងអភិវឌ្ឍន៍លើការផលិតថ្នាំគ្រាប់ ២ប្រភេទ ដែលមានប្រសិទ្ធភាពអាចកាត់បន្ថយ និងបន្សាប ឥទ្ធិពលរបស់វីរុស នៅក្នុងខ្លួនមនុស្សដែលបានឆ្លងជំងឺកូវីដ១៩ ថ្នាំគ្រាប់នេះនឹងមានប្រសិទ្ធភាពចំពោះអ្នកជំងឺកូវីដដែលស្ថិតក្នុងកម្រិតស្រាល និងមធ្យម។

បើតាមការឱ្យដឹងពីលោក Zhang Yuntao អនុប្រធានក្រុមហ៊ុន CNBG ថ្លែងប្រាប់ទូរទស្សន៍ចិន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ថា ថ្នាំព្យាបាលកូវីដទាំង២ប្រភេទនេះ នឹងត្រូវផលិតឡើងដោយផ្នែកតាមប្រព័ន្ធភាពស៊ាំ និងអង្គបដិប្រាណរបស់មនុស្ស ដើម្បីបន្សាប​ ក៏ដូចជាកាត់បន្ថយឥទ្ធិពលរបស់មេរោគ និងវីរុសនៅក្នុងខ្លួនមនុស្ស។

លោកបញ្ជាក់ថា តាមទិន្នន័យពីការប្រើប្រាស់បន្ទាន់ កាលពីពេលកន្លងទៅ ថ្នាំទាំង២ប្រភេទនេះ មានប្រសិទ្ធភាពខ្ពស់ចំពោះអ្នកជំងឺកូវីដ កម្រិតស្រាលនិងមធ្យម។ ក្រុមហ៊ុនចិន អះអាងថានេះជាថ្នាំព្យាបាលកូវីដដំបូងគេបង្អស់នៅលើលោក។ នេះបង្ហាញថា អ្នកស្រាវជ្រាវនិងអ្នកវិទ្យាសាស្រ្តរបស់ចិន ឈានមុខគេក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍លើថ្នាំព្យាបាលជំងឺកូវីដ១៩៕