UN ជំរុញ​ឱ្យសហគមន៍អន្តរជាតិ ​ជួយ​បង្កើន​ជំនួយ​ហិរញ្ញវត្ថុ ដើម្បី​ជួយ​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន​

ហ្សឺ​ណែវ​ ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃចន្ទសប្ដាហ៍នេះ បានជំរុញឱ្យសហគមន៍អន្តរជាតិ ​ជួយ​បង្កើន​ជំនួយ​ហិរញ្ញវត្ថុ ដើម្បី​ជួយ​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​គ្រប់គ្រង​ដោយ​តា​លី​បង់ ហើយ​លោក​បាន​ហៅ​ស្ថានភាព​ប្រទេស​នេះ​ថា​ជា​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​មួយ​នៅលើ​ពិភពលោក​។​

លោក Antonio Guterres បានប្រាប់រដ្ឋមន្ត្រីដែលចូលរួមកិច្ចពិភាក្សា នៅក្នុងទីក្រុងហ្សឺណែវថា «វាមិនអាចទៅរួចទេក្នុងការផ្តល់ជំនួយមនុស្សធម៌ នៅប្រទេសអាហ្វហ្គានីស្ថាន ដោយមិនមានការចូលរួមពីអាជ្ញាធរ។ វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចូលរួមបង្កើនទំនាក់ទំនងជាមួយក្រុមតាលីបង់ នៅពេលបច្ចុប្បន្ននេះ»។ លោក Antonio Guterres បានជំរុញឱ្យប្រទេសនានា «រកវិធីដែលអនុញ្ញាតឱ្យមានការចាក់បញ្ចូលសាច់ប្រាក់ នៅក្នុងសេដ្ឋកិច្ចនៃប្រទេសអាហ្វហ្គានីស្ថាន» ដើម្បីបញ្ចៀសការដួលរលំសេដ្ឋកិច្ចទាំងស្រុង ដែលនឹងបណ្ដាលឱ្យមាន «ផលវិបាក និងការបំផ្លិចបំផ្លាញ» យ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន។

ប្រធាន​ជំនួយការ​របស់​អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ថា ទឹកប្រាក់​ជាង ១,២ ពាន់​លាន​ដុល្លារ នឹង​ត្រូវបាន​សន្យាថា​នឹង​ផ្ដល់ជូន​សម្រាប់​ប្រជាជន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​ត្រូវការ​ជំនួយ​មនុស្សធម៌​។​

លោក​ម៉ា​ទីន​ហ្គ្រី​ហ្វី​ត​ (Martin Griffiths) ប្រធានការិយាល័យ​សម្រប​សម្រួល​កិច្ចការ​មនុស្សធម៌​រប​ស់​អង្គការសហប្រជាជាតិ បាន​និយាយ​បន្ទាប់ពី​អង្គការសហប្រជាជាតិ​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់ខ្ពស់​មួយ ដោយ​លោក​បាន​បញ្ជាក់ថា​យ៉ាងហោចណាស់​ថវិកា​ចំនួន ៦០៦ លាន​ដុល្លារ នឹងត្រូវ​ការចំណាយ​នៅ​ដំណាច់​ឆ្នាំនេះ​។​

លោក​​បន្ថែមទៀតថា ដោយ​គោរព​តាម​ការសន្យា​របស់​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​និយាយថា ​តួលេខ​នេះ​បានបង្ហាញ​ពី​ការចំណាយ​ដ៏​ធំ​មួយ​ទាក់ទង នឹង​ការប្តេជ្ញាចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

យោងតាម​ការបញ្ជាក់រ​បស់​អង្គការសហប្រជាជាតិ​បាន​លើកឡើងថា សូម្បីតែ​មុនពេល​ក្រុម​តា​លី​បង់​កាន់កាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​គឺ នៅ​ពាក់កណ្តាល​ខែសីហា​កន្លង​ទៅ មនុស្ស​ប្រហែល ១៨ លាន​នាក់​ដែល​ប្រហែលជា​ពាក់កណ្តាល​នៃ​ប្រជាជន​ក្នុងប្រទេស​ត្រូវការ​ជំនួយ​មនុស្សធម៌​ដូចជា​អាហារ ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ និង​ទឹក​ផងដែរ​៕