ឯកឧត្តម ហ៊ុន ម៉ានី ៖ ភាពខ្លាំងរបស់បក្សប្រជាជន គឺការដាក់ចេញគោលនយោបាយឆ្លើយតបមានប្រសិទ្ធភាព និងតម្រូវការជាក់ស្តែងសង្គម

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកញ្ញានេះនៅទំព័រហ្វេសប៊ុកបានរំលេចថា ភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា គឺការដាក់ចេញនូវគោលនយោបាយ ដែលឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពទៅនឹងការវិវឌ្ឍ និងតម្រូវការជាក់ស្តែងរបស់សង្គម។

ឯកឧត្តមបានលើកឡើងថា ដើម្បីសម្រេចបាននូវគោលនយោបាយទាំងនោះ យុទ្ធវិធីដែលបានដាក់ចេញ តែងមានភាពបត់បែន និងរស់រវ៉ើក ធ្វើយ៉ាងណាឲ្យគោលនយោបាយទាំងនោះ អាចសម្រេចបានដោយជោគជ័យ និងប្រកបដោយប្រសិទ្ធផលជូនជាតិ និងមាតុភូមិ។

ក្រៅតែពីបង្ហាញភាពខ្លាំងរបស់បក្សលើការដាក់ចេញគោលនយោបាយហើយនោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តអនុវត្តកម្មវិធីនយោបាយនានារបស់គណបក្សដែលបានដាក់ចេញសម្រាប់ប្រទេសជាតិ និងប្រជាជន។ ទោះជាយ៉ាងនេះក្តី ក្នុងកាលៈទេសៈជំងឺកូវីដ ១៩ ការប្រមូលផ្តុំកម្លាំងសរុប និងមធ្យោបាយសរុបដើម្បីការពារអាយុជីវិតប្រជាជនខ្មែរទាំងអស់គឺជាភារកិច្ចចម្បងដែលគណបក្សប្រជាជនកម្ពុជាបាននិងកំពុងធ្វើ។