រកឃើញករណីវិជ្ជមានកូវីដ១៩កើនឡើងនៅផ្សារសមាគមសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ ដំបូងមានអាជីវករលក់ដូរក្នុងផ្សារសមាគមស្ថិតក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាង១០នាក់មានផ្ទុកវិជ្ជមានកូវីដ-១៩ ខណៈដែលមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបានធ្វើសណ្តាប់ធ្នាប់ ហើយគ្រូពេទ្យជួរមុខបានបន្តយកសំណាកអ្នកពាក់ព័ន្ធរាប់រយនាក់ទៀត ក្នុងនោះកាលពីល្ងាចថ្ងៃទី១៣ខែកញ្ញា សំណាកពីអាជីវករផ្សារនេះ និងពីពលរដ្ឋកន្លែងខ្លះទៀតនៅក្រុងប៉ោយប៉ែត លទ្ធផលវិជ្ជមានជាង១០០នាក់។

សូមរំលឹកថា កាពីព្រឹកដល់រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែតបានដឹកនាំក្រុមការងារកងកម្លាំងចុះពិនិត្យ និងបិទទីតាំងផ្សារសមាគមនៅទីតាំងខាងលើ ក្រោយរកឃើញវិជ្ជមានកូវីដ១៩ ចំនួនជាង១០នាក់ករណីអាជីវករលក់ដូរក្នុងផ្សារ បន្ទាប់មកនៅថ្ងៃទី១៣ និង១៤ខែកញ្ញា គ្រូពេទ្យជួរមុខបានបន្តយកសំណាកអ្នកពាក់ព័ន្ធជាច្រើនទៀត។

ឆ្លៀតក្នុងឱកាសនោះ មន្ត្រីអាជ្ញាធរក្រុង ខេត្តក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ មិនត្រូវធ្វេសប្រហែសឡើយ ត្រូវបង្កើនការអនុវត្តវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាល៕ ដោយ ៖ នាយកំសត់