មន្រ្តីជំនាញបង្រា្កបការក្លែងបន្លំ និងបិទផ្អាកចែកចាយដេប៉ូប្រេងឥន្ទៈយីហោ (ក្អមមាស) ក្នុងស្រុកសន្ទុក

ខេត្តកំពង់ធំ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែក និងបង្រា្កបការក្លែងបន្លំដឹកនាំដោយលោក លៀង សុភា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ធំ ក្រោមការសម្របសម្រួលដោយអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ចុះបិទផ្អាកសកម្មភាពលក់ដូរចែក ចាយ ដេប៉ូប្រេងឥន្ធនៈលក់មិនគ្រប់លីតចំនួន០១ កន្លែង៖ យីហោ “ក្អមមាស” ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ មិនព្រមទទួលការផាកអន្តរកាល។

លោកបញ្ជាក់ថា ក្នុងប្រតិបត្តិការរយៈពេលពេលពេញមួយថ្ងៃនេះ មន្រ្តី (ក.ប.ប) ខេត្តកំពង់ធំ ធ្វើការពិនិត្យស្ថានីយ៍/ដេប៉ូប្រេង នៅស្រុកបារាយណ៍ និងស្រុកសន្ទុក ចំនួនសរុប១៣ទីតាំង ក្នុងនោះ មានស្ថានីយ៍/ ដេប៉ូប្រេង ចំនួន១០ទីតាំងមានអនុលោមភាពផ្នែកបរិមាណ និងបីទីតាំងមិនអនុលោមភាពផ្នែកបរិមាណ! ក្នុងចំណោមទាំងបីនោះ ដេប៉ូប្រេងចំនួន២ព្រមទទួលនូវការផាកពិន័យអន្តរកាល និងមួយទីតាំងទៀតយីហោ “ក្អមមាស” មិនព្រមទទួលយកទើបឈានដល់ការបិទទូរ និងចាក់ Seal ចំនួន១០ដៃបាញ់ប្រេងដេបូនោះ។ ការបិទនេះ គឺដើម្បីធ្វើការផាកពិន័យតាមច្បាប់ និងកែសម្រួលឲ្យបានត្រឹមត្រូវរង្វាស់រង្វាល់តាមមាត្រាសាស្រ្ត (កែវក្រឹត្រ) ឡើងវិញ៕ ដោយ ៖ ជឹម ទូច