សត្វពាហនៈប្រជាពលរដ្ឋជាង២០០ក្បាល នៅស្រុកសៀមប៉ាងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺដុំពក

ខេត្តស្ទឹងត្រែង ៖ សត្វពាហនៈរបស់ប្រជាពលរដ្ឋជាង២០០ក្បាល នៅស្រុកសៀមប៉ាង ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺដុំពកលើសត្វគោក្របីLSD (LUMPY SKIN DISEASE) ពីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីបញ្ជៀសពីការឆ្លងរាលជំងឺនេះ ទៅកាន់សត្វដ៏ទៃទៀតក្នុងមូលដ្ឋាន កាលពីព្រឹកថ្ងៃទី១៤កញ្ញានេះ ។

ក្នុងសកម្មភាពដឹកនាំមន្រ្តីជំនាញ នៃការិយាល័យផលិតកម្មបសុព្យាបាល ចុះផ្តល់វ៉ាក់សាំង នៅឃុំសេកុង ស្រុកសៀមប៉ាង លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថាៈយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកលើសត្វគោក្របីនាពេលនេះ គឺចូលរួមការពារនូវការរាលដាលនៃជំងឺនេះ ដល់បងប្អូនប្រជាពលរដ្ឋដែលចិញ្ចឹមគោក្របីនៅតំបន់នេះ។ លោកថាការផ្តល់វ៉ាក់សាំងនេះ គឺធ្វើឡើងតែតំបន់ណាដែលមានផ្ទុះឡើងនូវជំងឺដុំពកនេះតែប៉ុណ្ណោះ។

លោកប្រធានមន្ទីរ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកសៀមប៉ាង ដែលប្រកបការចិញ្ចឹមគោក្របី គឺសុំ ឲ្យចូលរួម ផ្តល់ព័ត៌មានពាក់ព័ន្ធនិងជំងឺនេះ មកកាន់មន្ត្រីជំនាញបសុព្យាបាលសត្វ នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានឆាប់ក្នុងករណីមានកើតជំងឺ ដើម្បីមានចំណាត់ការទាន់ពេលវេលា កុំឱ្យមានការរាលដាលទៅលើគោក្របីផ្សេងៗ ។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង លើសត្វគោក្របី បានធ្វើនៅលើស្រុកចំនួន២ គឺស្រុកសេសាន និងស្រុកសៀមប៉ាង ក្នុងនោះមានសត្វគោក្របី ចំនួន១៨១៦១ក្បាល ដោយបានចាក់វ៉ាក់សាំងការពារជំងឺសារទឹកលើគោក្របីបានចំនួន១២៥៧១ក្បាល. ចាក់វ៉ាក់សាំងការពារជំងឺអ៊ុតក្តាមគោក្របីបានចំនួន៤៥៩០ក្បាល និងចាក់វ៉ាក់ការពារជំងឺដុំពកលើស្បែកសត្វគោ(LUMPY SKIN DISEASE) បានចំនួន១០០០ក្បាលផងដែរ ៕ ដោយ ៖ ម៉ាវិន