វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន១០,៥០៨ករណីទៀត និងស្លាប់២៧៦នាក់

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារម្សិលមិញបានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន ១០,៥០៨ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន១២រណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះមានរហូតដល់ ៦,៣១២នាក់។ ទន្ទឹមនោះក្នុងថ្ងៃអង្គារដដែលនេះក៏មានករណីស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន២៧៦នាក់បន្ថែមទៀតផងដែរ។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៦៣៥,០៥៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៣៩៨,៤៦១នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ១៥,៩៣៦នាក់៕