ថៃ​ប្រកាស​បើក​វិស័យ​ទេសចរណ៍ឡើងវិញ ខណៈ​ជំងឺ​កូ​វីដ ១៩ ​បន្ត​រាលដាល​ធ្ងន់ធ្ងរ​

បាងកក ​៖ លោក Phiphat Ratchakitprakarn  រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​និង​កីឡា​ថៃបាន​បញ្ជាក់ថា ​រាជធានី-ខេត្តចំនួន៥ ដែលរួមាន ៖ ទីក្រុង​បាងកក ឈុន​បូរី ភេត​ឆា​បូរី ប្រា​ហួ​ឃី​រី​ខាន់ ​និង​ឈៀង​ម៉ៃ និង​ចាប់ផ្តើម​អនុវត្ត​ផែនការ​បើក​ដំណើរការ​ឡើងវិញ​នូវ​វិស័យ​ទេសចរណ៍​តាម​ការគ្រោងទុក​នៅ​ថ្ងៃទី១ ខែតុលា ខាងមុខនេះ​ ខណៈខេត្ត​ចំនួន ២១ ផ្សេងទៀត​នឹងត្រូវ​អនុវត្តតាម​ការ​គ្រោងទុកនៅ​ថ្ងៃទី១៥ ខែតុលាខាងមុខ​។

លោក ​ភី​ផាត (Phiphat) បាន​ឲ្យ​ដឹងផង​ដែរ​ថា ចំនួន​នៃ​ការឆ្លង​មេរោគ​កូ​វីដ ១៩ ថ្មី​គឺ​នៅតែ​ជា​ឧបសគ្គ​ចម្បង​មួយ​។ ប៉ុន្តែ​លោក​ក៏បាន​និយាយថា ​ក្រសួងបាន​ត្រៀមខ្លួន​យ៉ាង​ពេញលេញ​សម្រាប់​ការបើក​ដំណើរការ​ឡើងវិញ​នេះ​។ លោកបញ្ជាក់ថា ភូ​កេ​ត​គឺជា​ខេត្ត​ដំបូង​គេ​បង្អស់​ដែល​បាន​បើក​សាកល្បង​ដំណើរការ​នូវ​វិស័យ​ទេសចរណ៍​នេះ​ឡើងវិញ​។​ លោក​​បន្ថែមទៀតថា វិធានការ​រឹតបន្តឹង​នេះ​នឹងត្រូវ​អនុវត្ត​នៅតាម​រោងចក្រ និង​ទីផ្សារ ដើម្បី​កាត់បន្ថយ​អត្រា​នៃ​ការឆ្លង​៕