ថ្ងៃនេះ ថៃមានករណីឆ្លងកូវីដ-១៩ ចំនួន ១៣.៧៩៨ និងស្លាប់ចំនួន១៤៤នាក់ទៀត

បាងកក ៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធនេះបានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ១៣.៧៩៨ ករណី និងមានអ្នកស្លាប់ចំនួន១៤៤ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។

បើតាមក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងចំនួន១៣.៧៩៨ករណី ក្នុងនោះ១៣.៣៤៧ លើប្រជាជនទូទៅ និង៤៥១ករណី ជាអ្នកទោសក្នុងពន្ធនាគារ។ ទន្ទឹមនោះ នៅថ្ងៃអង្គារម្សិលមិញ អ្នកជំងឺកូវីដ ១៩ ចំនួន១៤.១៣៣នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីជាសះស្បើយពីជំងឺនេះផងដែរ។

សូមជម្រាបថា ចាប់តាំងពីថ្ងៃទី១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ១៩ បានចាប់ផ្តើមប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន ១.៣៩១.៤៧៧នាក់ ក្នុងនោះ ១.២៤៩.៦០៣នាក់បានជាសះស្បើយ៕