ចូ បៃដិន ៖ សហរដ្ឋអាមេរិកនឹងខាតបង់លើសពី ១០០ពាន់លានដុល្លារក្នុងឆ្នាំនេះ ដោយសារបញ្ហាអាកាសធាតុ

អាមេរិក ៖ ព្រឹត្តិការណ៍អាក្រក់ៗ បង្កឡើងដោយអាកាសធាតុប្រែប្រួល នឹងកាន់តែសាហាវខ្លាំងឡើងៗ ហើយផលប៉ះពាល់ដល់សេដ្ឋកិច្ចគិតជាទឹកប្រាក់ នឹងកើនឡើងដល់លើស ១០០ពាន់លានដុល្លារទៅទៀត សម្រាប់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១នេះ ខណៈកាលពីឆ្នាំ២០២០កន្លងទៅនេះ សហរដ្ឋអាមេរិកបានខាតបង់ ៩៩ពាន់លានដុល្លាររួចទៅហើយ។

នេះបើតាមការលើកឡើងរបស់ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ ក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋ Colorado បន្ទាប់ពីលោកបានបញ្ចប់ទស្សនកិច្ចនៅរដ្ឋ កាលីហ្វ័រញ៉ា ដែលបាននិងកំពុងរងគ្រោះភ្លើងឆេះព្រៃយ៉ាងដំណំ។

តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP ឲ្យដឹងថា ទស្សនកិច្ចរបស់លោក ចូ បៃដិន ក្នុងរដ្ឋទាំងអស់នេះ បានកើតមានឡើងខណៈដែលសហរដ្ឋអាមេរិក ទើបបានទទួលរងគ្រោះធម្មជាតិធ្ងន់ធ្ងរ ជាពិសេសទឹកជំនន់នៅបណ្តារដ្ឋភាគខាងកើត និងឦសានដូចជា ញូយ៉ក ភែនស៊ីលវេនៀ និងញូជែស៊ីជាដើម ដែលបានផ្តាច់ជីវិតមនុស្សរហូតដល់ជិត ៥០នាក់។

ក្នុងសប្តាហ៍នេះព្យុះត្រូពិច នីកូឡាស់ (Nicholas) ក៏ទើបតែបានវាយប្រហាររដ្ឋ តិចសាស់ និង ល្វីស្យាណា (Louisiana) ផងដែរ ដោយបានបង្កឲ្យមានទឹកជំនន់តាមដងផ្លូវ និងមនុស្សរាប់រយនាក់ភៀសខ្លួនចេញពីផ្ទះសម្បែង បូករួមទាំងការដាច់ចរន្តអគ្គិសនី។ ដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន លើកនេះក៏ចង់បង្ហាញឲ្យគ្រប់គ្នាឃើញផងដែរថា ការគាំទ្រដល់ផែនការស្តារហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងសហរដ្ឋអាមេរិកឡើងវិញ គឺពិតជារឿងចាំបាច់ណាស់ ជាពិសេសនៅចំពោះមុខ បញ្ហាបង្កឡើងដោយការប្រែប្រួលអាកាសធាតុបែបនេះ៕