រដ្ឋមន្រ្តីសុខាភិបាលប្រាប់បុគ្គលិកទាំងអស់ឲ្យខិតខំបន្ថែមទៀត ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ

ខេត្តបាត់ដំបង ៖ លោកសាស្រា្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្រ្តីបុគ្គលិកទាំងអស់ឲ្យខិតខំធ្វើការបន្ថែមទៀត ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋប្រកបដោយក្រមសិលធម៌ វិជ្ជាជីវៈ ជាគ្រូពេទ្យផ្តល់ទំនុកចិត្តយ៉ាងកក់ក្តៅជូនពួកគាត់ឱ្យបានល្អជាប្រចាំ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីបែបនេះក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យសកម្មភាពប្រជាពលរដ្ឋមកទទួលចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត និងមើលការសាងសង់អគារថ្មី នៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្នុងឱកាសនោះដែរលោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានពាំនាំនូវការសួរសុខទុក្ខ និងកោតសរសើរអំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនដល់បងប្អូនជាថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកនៃមន្ទីពេទ្យទាំងអស់ ដែលបានខិតខំផ្តល់សេវាសុខភាព ជូនដល់ប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ និងប្រកបដោយសីលធ៌មវិជ្ជាជីវៈល្អ។

លោករដ្ឋមន្រ្តីបានលើកឡើងថា ជាក់ស្តែងមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួតប៉ាស្ទ័រប្រចាំខេត្តបាត់ដំបង បាននឹងកំពុងទទួលព្យាបាលចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត ប្រជាពលរដ្ឋកំពុងសម្រុកមកចាក់ថ្នាំបង្ការដែលសត្វឆ្កែ សត្វឆ្មាបានខាំពួកគាត់ដោយកំណត់ក្នុង១ថ្ងៃ១០០នាក់ ព្រឹក៥០នាក់ ល្ងាច៥០នាក់ តម្លៃសេវា១៥ដុល្លារ ដោយសារប្រជាពលរដ្ឋបានសម្រុកមកច្រើនពេក មជ្ឈមណ្ឌលមានបុគ្គលិកតិចពេក លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបានផ្តល់បុគ្គលិកមន្ទីរពេទ្យខេត្តមួយចំនួនមកជួយការងារនេះដើម្បីសម្រួលការងារឱ្យបានលឿនជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ជាមួយគ្នានោះលោករដ្ឋមន្រ្តីក៏បានចុះពិនិត្យមើលក្រុមវិស្វករ ក្រុមជាងជប៉ុន ខ្មែរនៅ ការដ្ឋានសាងសង់អគារមន្ទីរពេទ្យបង្អេកដែលកំពុងសាងសង់ថ្មី ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន។ ទន្ទឹមនោះលោករដ្ឋមន្រ្តីក៏បានចូលសួរសុខទុក្ខសិក្ខាកាមដែលកំពុងប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០១៨ របស់មន្ទីរសុខាភិបាលខេត្តបាត់ដំបងផងដែរ។

ប្រជាពលរដ្ឋដែលបានមកទទួលព្យាបាលចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួតទាំងអស់បានថ្លែង អំណរគុណដល់លោករដ្ឋមន្រ្តីដែលបានយកចិត្តទុកដាក់ចុះមកសួរសុខទុក្ខដោយផ្ទាល់និងយកចិត្តទុកដាក់ពីសុខមាលភាពប្រជាពលរដ្ឋទូទៅផងដែរ៕