ក្រសួង​សុខាភិបាល​ ព្រមាន​ពី​ស្ថានភាព​ជំងឺ​គ្រុនឈាម​ដែល​អាច​ផ្ទុះឡើង​ខ្លាំង​នៅឆ្នាំនេះ

ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​ព្រមាន​ពី​ស្ថានភាព​ជំងឺ​គ្រុនឈាម​ដែលអាច​ផ្ទុះឡើង​ខ្លាំង​នៅឆ្នាំ​២០១៩ ដោយ​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​បង្កើន​វិធានការ​ការពារ​ទប់ស្កាត់​ពី​ការ​ឆ្លង​ជំងឺ​គ្រុនឈាម​ដោយសារ​មូសខ្លា​ញី​ខាំ។ ក្រសួង​សុខា​ភិបាលបានដឹង​ថា ករណី​គ្រុនឈាម​នៅទូទាំង​ប្រទេស​នា​ដើមឆ្នាំ២០១៩​នេះ មានការ​កើនឡើង​គួរ​ឲ្យ​កត់​សម្គាល់​ច្រើនជាង​ឆ្នាំ​២០១៨​កន្លងទៅ។

យោងតាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​បាន​បង្ហាញថា តាមការ​វិភាគ​អេពី​ដេមីសាស្ត្រ​ និងការ​ប៉ាន់​ប្រមើល​លើ​ស្ថានភាព​ជំងឺ​គ្រុនឈាម របស់​អង្គការ​សុខភាព​ពិភពលោក​បង្ហាញ​ថា ជំងឺ​គ្រុនឈាម​ប្រហែល​ជា​អាចនឹង​ផ្ទុះឡើង​នៅក្នុង​ឆ្នាំ២០១៩​នេះ ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ មានការ​ប្រុង​ប្រយ័ត្ន​យកចិត្ត​ទុកដាក់​ ចូលរួម​យ៉ាង​សកម្ម​ ក្នុងការ​អនុវត្ត​វិធានការ​ទប់ស្កាត់ ដើម្បី​ជៀសផុត​ពីភាព​មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​គ្រុនឈាម​នៅក្នុងឆ្នាំ​នេះ និងឆ្នាំ​បន្តបន្ទាប់​ទៀត។

ជំងឺគ្រុនឈាម អាចកើតឡើងលើមនុស្សគ្រប់វ័យដែលបង្កឡើងដោយមូសខ្លាញី ខាំបឺតឈាមអ្នកដែលមានវីរុសគ្រុនឈាម ហើយចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។

ក្នុងរយៈពេល ២ ទៅ ៣ថ្ងៃ​ក្រោយ​ពី​មូស​ខ្លាញី​ខាំអ្នក​ជំងឺ​មាន​សភាព​ក្តៅខ្លួន​ពី ៣៩ទៅ៤០​អង្សារសេ អមដោយ​រោគ​សញ្ញា​ផ្សេងៗ​ទៀត​ដូចជា មុខ​ក្រហម ឈឺ​ប្រឡង់​កែវភ្នែក​ចាក់​ទៅក្រោយ ឈឺក្បាល ចង់ក្អួត​ឬក្អួត ឈឺពោះ ឈឺ​សាច់ដុំ ឈឺ​សន្លាក់​ដៃជើង ស្នាម​អុចៗ​ក្រហម​លើស្បែក ឬមាន​ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ​ជាដើម។

បើតាមការស្រាវជ្រាវ បាណកសាស្ត្ររបស់កម្មវិធីជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល រួមសហការ ជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត មូសខ្លាចូលចិត្តពង និងបង្កបង្កើតកូនចៅក្នុងសំបកកង់ឡាន និងសំបកកង់មូត៉ូចាស់ៗ ចំនួន១១ដង ច្រើនជាវត្ថុដក់ទឹក ឬដាក់ទឹកផ្សេងៗ៕