ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តជាំងស៊ូ ពិគ្រោះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុងស្រុកបន្ទាយស្រី

ខេត្តសៀមរាប ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្រុងថៃចូវ ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិនសហការជាមួយសមាគមពាណិជ្ជកម្មចិនប្រចាំខេត្ត និង មន្ទីរពេទ្យចិន រស្មីអង្គរ ដឹកនាំដោយលោក ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត និង លោកប្រធានការិយាល័យកុងស៊ុលចិន ប្រចាំនៅខេត្តសៀមរាប នាចុងសប្តាហ៍ថ្ងៃសុក្រទី២២ ខែមីនា ឆ្នាំ២០១៩នេះ ចុះពិគ្រោះ ពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយឥតគិតថ្លៃនៅមណ្ឌលសុខភាពត្បែង។

តាមការបញ្ជាក់របស់លោកអនុប្រធានសមាគមពាណិជ្ជកម្មចិនប្រចាំខេត្ត និងប្រធានការិយាល័យកុងស៊ុលចិន ប្រចាំនៅខេត្តសៀមរាប បានឲ្យដឹងថា កម្ពុជា និងប្រទេសចិន មានទំនាក់ទំនងសហប្រតិបត្តិការនឹងគ្នាជាង១ពាន់ឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ននេះបានធ្វើឲ្យកិច្ចសហប្រតិបត្តិការជាមិត្តភាពកាន់តែរឹងមាំរវាងរដ្ឋាភិបាលទាំងពីរប្រជាជននៃប្រទេសទាំពីរកាន់តែនៅជាប់គ្នាជានិច្ច។ លោកបានបន្តទៀតថា ក្នុងការព្យាបាលជំងឺនេះ មានក្រុមគ្រួពេទ្យជំនាញ មកពីក្រុងថៃចូវ ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន លើជំងឺទូទៅ ជំងឺសន្លាក់ , លើសឈាម, និង ព្យាបាលឆ្អឹង ដោយឥតគិតថ្លៃពីបងប្អូនឡើយ ។

មានប្រសាសន៍សំណេះសំណាលនោះលោក ពិន ប្រាកដ បានបញ្ជាក់ថា សុខភាព គឺជាកត្តាចំបងដែលមនុស្សយើងគ្រប់រូប ដែលត្រូវ យកចិត្តទុកដាក់ខ្ពស់ឲ្យបានជាប្រចាំថ្ងៃ។ ដូច្នេះសុខភាពគឺជាកត្តាដ៏សំខាន់បំផុត សម្រាប់មនុស្សជាតិគ្រប់រូប ក្នុងការអនុវត្តន៍របៀបរស់ នៅប្រកបដោយសុខមាភាពរបស់យើងគ្រប់រូប។​ដោយកត្តានេះហើយទើប ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែល មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការជម្រុញឲ្យក្រសួងសុខាភិបាល ធ្វើកិច្ចសហការជាមួយ អង្គការដៃគូរ ដើមី្បចុះមកធ្វើការពិនិត្យព្យាបាល ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដោយឥតគិតថ្លៃ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

លោកអភិបាលរងខេត្ត ក៏បានបន្តទៀតថា ដើមី្បផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ គឺ ដើមី្បធ្វើឲ្យសុខមាលភាពយើង មានសុខភាពល្អ សម្រាប់ប្រកបកិច្ចការងារ រៀនសូត្រ ធ្វើស្រែ ចំការជាដើម ។ ម៉្យាងទៀត ការពិនិត្យព្យាបាលជម្ងឺជូនបងប្អូន នាពេលនេះ ក្រុមគ្រូពេទ្យយើងមិនរើសអើង ឬ ប្រកាន់ន្និនាការនយោបាយណាឡើយ គឺធ្វើការព្យាបាលដោយឥតគិតថ្លៃជូនទាំងអស់ ដូច្នេះបុគ្គលដែលមានសុខភាពល្អ គឺ មាននូវគុណភាពនៃជីវិត សមត្ថភាពគ្រប់គ្រាន់ ក្នុងការទទួលខុសត្រូវរាល់សកម្ម ភាពការងារកាតព្វកិច្ច តួនាទី និងការប្រកបការងារផ្សេងៗ ក្នុងការចិញ្ចឹមជីវិត និងចូលរួមអភិវឌ្ឍន៍សង្គម។

ក្នុងនោះលោក ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការរបស់ក្រុមគ្រូពេទ្យថៃចូវ ខេត្តជាំងស៊ូ និង មន្ទីរពេទ្យចិន រស្មីអង្គរ សមាគមពាណិជ្ជកម្មចិនប្រចាំខេត្ត អាជ្ញាធរមូលដ្ឋាន និង ក្រុមគ្រូពេទ្យ និង សប្បុរសជនដែលជាដៃគូរទាំងអស់បានគាំទ្រ ដែលបានយកចិត្តទុកដាក់ ក្នុងការព្យាបាលជម្ងឺ ជូនដល់ប្រជាពលរដ្ឋនៅឃុំត្បែង ស្រុកបន្ទាយស្រី គឺ ដើមី្បឆ្លើយតបទៅនឹងសំណូមពររបស់រដ្ឋបាលខេត្តសៀមរាប ក្នុងការជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក្រីក្រ ក្នុងការផ្សាភ្ជាប់មនោសញ្ចេតនារវាងប្រជាជនទាំងពីរ កម្ពុជា ចិន ទៀតផង ។

ក្នុងសកម្មភាពដែលបងប្អូនប្រជាពលរដ្ឋ បានចូលមកទទួលសេវាព្យាបាលពីគ្រូពេទ្យស្ម័ត្រចិត្ត គឺភាគច្រើនជាជំងឺចាស់ជរា ជំងឺលើស ឈាម , ស្លាប់មួយចំហៀងខ្លួន ព្រមទាំងជំងឺទូទៅផងដែរ ។  ក្នុងការពិនិត្យព្យាបាលជំងឺនេះទៀតសោត ក្រុមគ្រូពេទ្យស្ម័ត្រ ក៏ដូចជាលោកអភិបាលរងខេត្ត ប្រធានការិយាល័យកុងស៊ុល បានធ្វើ ការផ្តល់អំណោយដល់បងប្អូន ដែលបានចូលមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ ទាំង១៥០នាក់ ម្នាក់ទទួលបាន មី១កេស មុង១ , ក្រម៉ា១, សារុង១ , ឃីត១កញ្ចប់ និងថវិកា១០ពាន់រៀលផងដែរ៕