តួលេខអ្នកជំងឺកុមារ ដែលមកទទួលសេវាពិនិត្យព្យាបាល និងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងត្រីមាសទី១ ឆ្នាំ២០១៩

ភ្នំពេញ ៖ មូលនិធិគន្ធបុប្ផា Dr.Beat Richner នៅដើមខែមេសានេះ បានបង្ហាញព័ត៌មានពិតនៃតួលេខអ្នកជំងឺកុមារ ដែលបានមកទទួលសេវា ពិនិត្យព្យាបាលនិងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាគ្រប់សាខាទូទាំងប្រទេស ក្នុងត្រីមាសទី១ ឆ្នាំ២០១៩។

មូលនិធិខាងលើបង្ហាញថា ៖ មានកុមារឈឺចំនួន ២៣៣.៦០៤នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ, កុមារមានជំងឺធ្ងន់ៗ ចំនួន៤៣.៨២៩នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលចំនួននេះ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៨ គឺកើន១០%។  កុមារចំនួន ៣៥៣៨នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ កើនជិត៥ដងច្រើនជាងដើមឆ្នាំ២០១៨)។ កុមារចំនួន ៦៤២៥នាក់ ត្រូវបានទទួលការវះកាត់ ។ វះកាត់បេះដូងបានចំនួន១៩០នាក់។
ដោយឡែកសម្រាប់ផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ៖ ស្ត្រីមានផ្ទៃពោះចំនួន ៣៨.៣៩១នាក់ បានមកពិនិត្យតាមដានផ្ទៃពោះនិងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរ សម្ភព។ សម្រាលកូនបានចំនួន ៦ ៤០០នាក់។

យោងតាមការបញ្ជក់របស់ មូលនិធិគន្ធបុប្ផា Dr.Beat Richner ដដែលបានបង្ហាញឱ្យដឹងទៀតថា អត្រាមរណភាពកុមារ នៅក្នុងមន្ទីរពេទ្យមានចំនួន ០,២៧% ខណៈដែលការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ហើយពុំមានបុគ្គលិក ណាម្នាក់ឆ្លៀតធ្វើការក្រៅម៉ោងនៅគ្លិនិកឯកជនឡើយ។មូលនិធិគន្ធបុប្ផាDr.Beat Richner សង្កត់ធ្ងន់ថា កុមារដែលមាន ជំងឺធ្ងន់ៗបំផុត នឹងពុំមានសំណាងទេ បើពុំបានសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ ។

សូមជម្រាបថា ក្នុងគោលដៅធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា រាជរដ្ឋាភិបាល កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតឡើង មូលនិធិគន្ធបុប្ផាកម្ពុជា និងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដើម្បីកៀរគរថវិកាបរិច្ចាគពីប្រភពស្របច្បាប់នានាជួយដល់មន្ទីរមួយនេះ៕