បណ្តាមន្ទីរពេទ្យរដ្ឋនានាអាចនឹងដាក់ឱ្យដំណើរការប្រព័ន្ធឌីជីថលតាមដាន និងក្តាប់ទិន្ន័យយអ្នកជំងឺ

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបញ្ជាក់ថា នាពេលខាងមុខបណ្តាមន្ទីរពេទ្យរដ្ឋនានាអាចនឹងដាក់ដំណើរការតាមប្រព័ន្ធឌីជីថលក្នុងការតាមដាន និងងាយស្រួលក្តាប់ទិន្ន័យអ្នកជំងឺ ដែលមកកាន់មន្ទីរពេទ្យទាំងនោះ។

លោកលើកឡើងថា ជាក់ស្តែងដូចជាមន្ទីរពេទ្យអង្គឌួងថ្ងៃនេះ ដែលដាក់ឱ្យដំណើរការប្រព័ន្ធឌីជីថល មុនគេ ដើម្បីជាគំរូនិងងាយស្រួលសម្រាប់អ្នកជំងឺ ខណៈដែលមន្ទីរពេទ្យនេះ ក្នុងមួយថ្ងៃៗទទួលអ្នកជំងឺជាច្រើននាក់ដែលមករកសេវាព្យាបាល។ លោករដ្ឋមន្រ្តីបានបន្តថា បណ្តាប្រទេសជិតខាងរបស់កម្ពុជាយើងគេបានរៀបចំការគ្រប់គ្រងអ្នកជំងឺតាម តាមប្រព័ន្ធឌីជីថលមុនយើង ដូច្នេះគួរតែរៀបប្រព័ន្ធនេះ ដើម្បីជាភាពងាយស្រួលបន្ថែមទៀតដល់អ្នកដែលមករកសេវាសុខាភិបាល។
ជាមួយគ្នានោះលោករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា ភាពចំាបាច់ចំពោះមុខនាពេលនេះ ក៏ត្រូវពង្រីកអគារមន្ទីរពេទ្យអង្គឌួងបន្ថែម ដើម្បីផ្តល់ភាពងាយចំពោះអ្នកជំងឺ៕