ស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពរហូតដល់ឆ្លងទន្លេ មិនត្រឹមមិនបង់ប្រាក់នោះទេ ថែមទាំងទទួលបានប្រាក់ថែទាំទៀតផង

ខេត្តរតនគិរី ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលថានឹងរៀបចំឲ្យស្ត្រីមានផ្ទៃពោះទៅទទួលសេវាពិនិត្យសុខភាពនៅមន្ទីរពេទ្យ រហូតដល់ឆ្លងទន្លេបាន២ឆ្នាំ មិនត្រឹមមិនបង់ប្រាក់នោះទេ ថែមទាំងទទួលបានប្រាក់ថែទាំមកវិញ រហូតដល់៧៦ម៉ឺនរៀលទៀតផង។

ប្រសាសន៍លោកសាស្ត្រាចារ្យលើកឡើង គ្រាដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតការងារសុខាភិបាលឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅអគារជាន់ទី២ មន្ទីរសុខាភិបាលខេត្តរតនគិរី ដែលមានការចូលរួមពីសំណាក់លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ថង សាវុន អភិបាលខេត្តរតនគិរី មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីសុខាភិបាលខេត្ត ព្រមទាំងប្រធានមន្ទីរសុខាភិបាលភិបាល មកពី៨ខេត្តចូលរួមផងដែរ។

តាមរបាយការណ៍លោកវិជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី បានឲ្យដឹងថា បច្ចុប្បន្នមន្ទីរសុខាភិបាលខេត្តរតនគិរី គ្របដណ្ដប់លើស្រុកប្រតិបត្តិចំនួន២ គឺក្រុងបានលុង និងស្រុកបរកែវ ដែលជាអង្គភាពផ្ដល់សេវាសុខភាពសំខាន់ៗ ចំនួន៣៨កន្លែង មានមន្ទីពេទ្យបង្អែក២។ មន្ទីរពេទ្យបង្អែកកំរិតមួយ មាន១ និងមន្ទីរពេទ្យបង្អែកកំរិតពីរ មាន១ មណ្ឌលសុខភាពចំនួន២៧ និងប៉ុស្តិ៍សុខភាពមានចំនួន៧ (ផ្អែកតាមផែនការគ្របដណ្ដប់ឆ្នាំ២០១៩)។ បច្ចុប្បន្ននេះ មន្ទីរសុខាភិបាលខេត្ត មានមន្ត្រីធនធានមនុស្សជាវិជ្ជបណ្ឌិតឯកទេស .វិជ្ជបណ្ឌិត .គ្រូពេទ្យ .ឧសថការី .ទន្តពេទ្យ និងគិលានុបដ្ឋាក ព្រមទាំងបរិញ្ញាបត្រ ជំនាញផ្សេងៗ សរុបមានចំនួន៤២៥នាក់ ស្ត្រី១៧៥នាក់។

លោកប្រធានមន្ទីរបានបន្តថា មន្ទីរសុខាភិបាលខេត្ត និងមូលដ្ឋានក្រោមឳវាទទាំងអស់ អាចសម្រេចបានស្នាដៃគួរជាទីមោទនៈ ស្របទៅតាមទស្សនៈវិស័យ នៃការអភិវឌ្ឍន៍វិស័យសុខាភិបាល ដោយទទួលខុសត្រូវលើសុខភាពសាធារណៈក្នុងខេត្ត គ្រប់គ្រងលើសេវាឯកជន ទាំងផ្នែកវេជ្ជសាស្ត្រ ឳសថសាស្ត្រ និងអមវិជ្ជសាស្ត្រ លើកកំពស់ថែទាំសុខភាពមាតាទារក។ ធានាផ្ដល់សេវាថែទាំវេជ្ជសាស្ត្រ ប្រកបដោយគុណភាព សមធម៌សមស្រប និងតម្លាភាព ទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លង និងជម្ងឺមិនឆ្លងគ្រប់ប្រភេទ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងនូវការកោតសរសើរ ចំពោះអស់លោក លោកស្រីទាំងអស់ដែលជាមន្ត្រី បុគ្គលិកសុខាភិបាល និងដៃគូអភិវឌ្ឍន៍រួមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានរួមកម្លាំងគ្នាធ្វើឲ្យសម្រេចជោគជ័យជាបន្តបន្ទាប់។ ទន្ទឹមនោះក៏បានជំរុញបន្ថែមដល់មន្ត្រីសុខាភិបាលទាំងអស់ឲ្យខិតខំ ក្នុងការបំរើសេវាព្យាបាលជូនដល់ប្រជាពលរដ្ឋឲ្យសមស្របតាមទិសដៅគោលនយោបាយថ្មីៗរបស់រាជរដ្ឋាភិបាល គឺការរៀបចំឲ្យមានប្រព័ន្ធសុវត្ថិភាពសុខភាពសង្គម គឺការជួយថែទាំព្យាបាលប្រជាពលរដ្ឋយើង ដោយប្រើប្រាស់មូលនិធិសមធម៌របស់រាជរដ្ឋាភិបាល បានន័យថា ជនក្រីក្រ ជនពិការ ដែលយើងផ្ដល់សេវាព្យាបាលដោយមិនបាច់យកប្រាក់។

ជាមួយគ្នានោះលោកសាស្ត្រាចារ្យក៏បានបញ្ជាក់ថា ក្រសួងកំពុងរៀបចំគ្របដណ្ដប់ដល់ជនក្រីក្រ ក្នុងការបង្កើតកូនទៀត បានន័យថា ជនក្រីក្រទាំងអស់ មុននឹងដល់ពេលកើតកូន ត្រូវមកពិនិត្យផ្ទៃពោះឲ្យបាន៤ដង ដោយមិនយកប្រាក់ ហើយផ្ដល់ប្រាក់ឧបត្ថម្ភទៅវិញ ក្នុងការមកពិនិត្យម្ដងជូនប្រាក់៤ម៉ឺនរៀលត្រឡប់ទៅវិញ ដល់ពេលឆ្លងទន្លេជូន២០ម៉ឺនរៀល និងក្រោយពេលឆ្លងទន្លេរយៈពេល២ឆ្នាំ ទាំងម្ដាយ និងកូនត្រូវមកពិនិត្យសុខភាពឲ្យបាន១០ដង ក្នុងម្ដងក៏ត្រូវផ្ដល់ប្រាក់ឧបត្ថម្ភ៤ម៉ឺនរៀលទៀតដែរ។ ដូច្នេះសរុបទឹកប្រាក់ចាប់ពីមានផ្ទៃពោះ រហូតឆ្លងទន្លេ និងក្រោយឆ្លងទន្លេបាន២ឆ្នាំ ត្រូវបានប្រាក់ថែទាំទាំងអស់៧៦ម៉ឺនរៀល៕ ដោយ ៖ ភួង ផុន