ក្រសួង​សុខាភិបាលហាម​លក់ ​និង​ប្រើប្រាស់​ផលិតផល​នៅលើ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ប៊ូ សា​អែម​

​ភ្នំពេញ ៖ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​បានប្រកាស​ជូនដំណឹង​ដល់​សាធារណជន​ទាំងអស់​ថា គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា ប៊ូ សា​អែម កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​គ្រឿងសម្អាង​ជាច្រើន​មុខ​ដែល​គ្មាន​ចុះ​ប្រវេទន៍ គ្មាន​ការត្រួតពិនិត្យ​គុណភាព គ្មាន​ក្រុមហ៊ុន​នាំចូល​ស្របច្បាប់ ដូចជា ១. ឈុត​ព្យាបាល​មុខ NNP, ២. សាប៊ូ​កម្ទេចមាស Swiss Gold , ៣. ឡេ​ការពារ​កម្ដៅថ្ងៃ NNP UV 60 , ៤. ឈុត​ព្យាបាល​សក់ NNP និង​ផលិតផល​គ្រឿងសម្អាង​ដទៃ​ជាច្រើន​ទៀត។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ។​

​ក្រសួងសុខាភិបាល បាន​បន្ថែមថា ដើម្បី​ចៀសវាង​ខាតបង់​ប្រាក់ និង​ប៉ះពាល់​ដល់​សុខភាព ឬ អាច​ឈានដល់​បាត់បង់​អាយុជីវិត​របស់​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល សូម​ជូនដំណឹង​ដល់​ជនានុជន បញ្ឈប់​ការប្រើប្រាស់ ផលិតផល​ខាងលើនេះ​ជាបន្ទាន់។ ទន្ទឹម​នោះ ក្រសួងសុខាភិបាល​បានប្រកាស​បញ្ជា​ឱ្យ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ប៊ូ សា​អែម បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រកាស​ផ្សព្វផ្សាយ​លក់ ចែកចាយ ផលិតផល​ខាងលើនេះ​បន្តទៀត ហើយ​ប្រមូល​ផលិតផល​ទាំងនេះ​មកវិញ ដើម្បី កម្ទេចចោល ហើយ​ថា​ក្រសួង​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី ប៊ូ សា​អែម នេះ​តាមច្បាប់​ជា​ធរមាន៕