រដ្ឋមន្រ្តីក្រសួងសុខាភិបាលអញ្ជើញជាអធិបតីភាពក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនចាញ់ពិភពលោក

ខេត្តមណ្ឌលគិរី៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានអញ្ជើញជាអធិបតីភាពក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ (គ្មានជំងឺគ្រុនចាញ់ ផ្តើមចេញពីខ្ញុំ) ដោយមានការចូលរួមពីសំណាក់លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកវេជ្ជបណ្ឌិត តាក់កេស៊ី កាសៃ នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ព្រមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជា២០០០នាក់ ពិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកកោះញែក ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «គ្មានជំងឺគ្រុនចាញ់ ផ្ដើមចេញពីខ្ញុំ» ជូនដល់អង្គមិទ្ទិញទាំងមូល។ លោកសាស្រ្តាចារ្យ បានបញ្ជាក់ថា នៅក្នុងសារលិខិតនេះ ក្នុងគោលបំណងជំរុញ និងបំផុសការយល់ដឹង និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងសម្ដៅរួមចំណែកដល់ការថែរក្សាសុខាភាពរបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលបានបន្ថែមថា ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់តាមរយៈការចំណាយដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមាន ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។ តាមទស្សនទាននេះ យើងទាំងអស់គ្នាចាំបាច់ណាស់ ត្រូវបន្តយកចិត្តទុកដាក់ លើបញ្ហាជំងឺគ្រុនចាញ់នេះ ដោយយើងមិនអាចមើល រំលងបានឡើយ។ ផ្ទុយទៅវិញ ប្រសិនបើប្រជាពលរដ្ឋមានសុខភាពល្អ នឹងនាំឲ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់ លើការបង្កើនចំណេះដឹង បង្កើនផលិតភាពដែលនឹងនាំមកនូវភាពរីកចម្រើន សេចក្តីថ្លៃថ្នូរ និង សុភមង្គល។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏បានជំរុញបន្ថែមដល់អង្គភាពមន្ទីរជុំវិញខេត្តទាំងអស់ រួមសហការគ្នា ជាពិសេស មន្ទីរសុខាភិបាលខេត្ត និងអង្គការ ដៃគូសុខាភិបាលក្នុងខេត្ត អនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់អោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅ ក្នុងខេត្តមណ្ឌលគិរីឲ្យបាននៅឆ្នាំ២០២៥។

លោកវេជ្ជបណ្ឌិត តាក់កេស៊ី កាសៃ នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានសំដែងដោយសេចក្តីរីករាយថា ប្រទេសកម្ពុជា ការសំរេចបានជាលើកដំបូង  គឺ គ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់នាឆ្នាំ២០១៨ និងបានកាត់បន្ថយករណីជំងឺគ្រុនចាញ់សរុបចំនួន ៤២% នៅចន្លោះឆ្នាំ ២០១២ និងឆ្នាំ ២០១៦។ តាមរយៈលទ្ធផលទាំងអស់នេះ អង្គការសុខភាពពិភពលោកនឹងបន្តគាំទ្រដល់ប្រទេសកម្ពុជា រូមជាមួយដៃគូរសុខាភិបាលទាំងអស់ក្នុងការងារលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ជំហ៊ាននៅលើមាគ៌ាឆ្ពោះទៅកាន់ការសម្រេចគោលដៅនាពេលខាងមុខនេះ។

បន្ទាប់មកលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមទាំងថ្នាក់ដឹកនាំខេត្ត និងគណៈប្រតិភូអមដំណើរ បានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីផងដែរ៕ ដោយ ៖ ជឹម ទូច