រដ្ឋមន្រ្តីសុខាភិបាល ៖ ក្រសួងចាប់ផ្តើម​ពង្រីក​សេវា​សុខាភិបាល​ឱ្យបាន៥០​កន្លែង ក្នុង​មួយឆ្នាំទូទាំង​រាជធានី​ខេត្ត

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋ​ម​ន្រី្ត​ក្រសួងសុខាភិបាលប្រាប់​​​ថា ក្នុងឆ្នាំ​២០១៩​នេះ ក្រសួងសុខាភិបាល ចាប់ផ្តើម​ពង្រីក​សេវា​សុខាភិបាល​បន្ថែមក្នុង​១​ឆ្នាំ ចំនួន​៥០​កន្លែង​នៅទូទាំង​រាជធានី​ខេត្ត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ពលរដ្ឋ​។​

​លោករដ្ឋ​ម​ន្រី្តបន្តថា ក្រៅពី​ការកសាង​មណ្ឌល​សុខភាព និង​ម​នី្ទ​រ​ពេទ្យ ក្រសួង​បានធ្វើ ការកែលម្អ​សេវា​សុខាភិបាល​នៅតាម​មណ្ឌល​សុខភាព និង​ម​នី្ទ​រ​ពេទ្យ​បង្អែ​កនៅ​ទូទាំងប្រទេស ផ្តោត​សំខាន់​ទៅលើ​ការគ្រប់គ្រង​ម​នី្ទ​រ​ពេទ្យ ការផ្តល់សេវា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ បរិស្ថាន​ល្អ អនាម័យ​ស្អាត ក្រមសីលធម៌ វិជ្ជាជីវៈ​គ្រូពេទ្យ និង​ចំនួន​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​ផងដែរ​។

លោករដ្ឋមន្រ្តីលើកឡើងថា ​ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ មូលដ្ឋាន​សុខាភិបាល​សាធារណៈ មាន​មុខងារ​ផ្តល់​សេវា​ថែទាំ​សុខភាព (​សំណុំ​សកម្ម ភាព​អប្បបរមា និង​សំណុំ​សកម្មភាព​បង្គ្រប់​) មាន​ចំនួន​សរុប​១.៤៥៧​កន្លែង ក្នុងនោះ​មាន ១២០៥​មណ្ឌល​សុខភាព និង​១២៩​ប៉ុស្តិ៍​សុខភាព និង​១២៣​ម​នី្ទ​រ​ពេទ្យ​បង្អែក និង​មន្ទីរពេទ្យ​ជាតិ ៩​។​

​​លោក​បញ្ជាក់ដែរថា បញ្ហា​ចម្បង​ដែល​ក្រសួងសុខាភិបាល កំពុង​ដោះស្រាយ គឺ​បញ្ហា​សុខភាព​ស្រី្ត និង​កុមារ ដែល​ប្រតិ​ប​តិ្ត​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល គឺ​ការ​គាំពារ​សង្គម ហើយ​ការអភិវឌ្ឍន៍​ធនធានមនុស្ស ត្រូវ​បណ្តុះបណ្តាល​បន្ថែមទៀត​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ហើយនឹង​ពង្រីក​សេវា​សុខាភិបាល តាម​បណ្តា​រាជធានី ខេត្ត ហើយនឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ក្នុងការ​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​របស់​យើង គ្រប់គ្រង​អ្នកជំងឺ និង​គ្រប់គ្រង​រដ្ឋបាល​ហិរញ្ញវត្ថុ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ដឹកនាំ​ក្នុង​វិស័យ​សុខាភិបាល និង​ការរៀបចំ និង​បន្ត​ការខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​នឹង​ជំងឺឆ្លង កុំ​ឲ្យ​មាន​៕​