មន្ទីរសុខាលភិបាល ខេត្តក្រចេះប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់       

ខេត្តក្រចេះ ៖ ដើម្បីបន្តអនុវត្តផែនការយុទ្ធសាស្ត្រជាតិលប់បំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១ ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល និងជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការការបន្ថយភាពក្រីក្រររបស់ប្រជាពលរដ្ឋខេត្តក្រចេះនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះ មន្ទីរសុខាភិបាលខេត្តក្រចេះមានរៀបចំទិវាប្រយុទ្ធប្រឆាំងនឹងជំងឺ គ្រុនចាញ់ ដែលប្រារព្ធឡើងនៅឃុំអូរគ្រៀង ស្រុកសំបូរ ក្រោមវត្តមានលោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ និងមានការចូលរួមពីលោកវេជ្ជបណ្ឌិត ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្ត លោក លោកស្រីមន្ត្រីរាជការក្រោមឱវាទមន្ទីរសុខាភិបាល មណ្ឌលសុខភាព អាជ្ញាធរស្រុក-ឃុំ ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជា៣៥០នាក់។

លោកវេជ្ជបណ្ឌិត ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ថា ទិវានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយពីវិធានការការពារជំងឺគ្រុនចាញ់ និងជួយទប់ស្កាត់លប់បំបាត់ជម្រកមូស និងជំរុញបំផុសការយល់ដឹង និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតក្នុងការលើកកម្ពស់សុខមាលភាពសង្គម និងសំដៅរួមចំណែកដល់ការថែរក្សាសុខភាពជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទ និងប្រជាពលរដ្ឋដែលប្រកបរបបរកស៊ី និងធ្វើស្រែចំការក្នុងព្រៃ ។

ជាការឆ្លើយតបនូវបញ្ហានេះ ក្នុងឆ្នាំ ២០១៨មន្ទីរសុខាភិបាលខេត្តក្រចេះ បានចែកម៉ុងជ្រលក់ថ្នាំមានប្រសិទ្ធភាពជូនដល់ប្រជាជនបានចំនួន ១៦៣.០០៩មុង និងមុងអង្រឹងចំនួន៦៥.៥៨០មុង និងចុះអប់រំសុខភាព ជោះឈាម ព្យាបាល ព្រមទាំងបង្កើត និងពង្រីកអ្នកស្ម័គ្រចិត្តតាមនៅមូលដ្ឋានផងដែរ។      បើប្រៀបធៀប ក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៨ករណីជំងឺគ្រុនចាញ់មានការថយចុះពី១.៩៧០ មកត្រឹម៣៨០ករណីនៅ ត្រីមាសទី១ឆ្នាំ២០១៩  ។

លោកក ប៉ែន លីណាត អភិបាលរងខេត្ត មានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរសុខាភិបាលក៏ដូចជាមន្ត្រីទទួលបន្ទុកប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ផងដែរ ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងជីវភាពរស់នៅ ទាំងសុខភាពអនាម័យ ព្រមទាំងមានកិច្ចសហការល្អរវាងអាជ្ញាធរក្នុងមូលដ្ឋាន។ ដូច្នេះមន្ត្រីបំរើការនៃវិស័យសុខាភិបាលទាំងអស់នៅតាមបណ្ដាមូលដ្ឋានត្រូវធ្វើយ៉ាងណាផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋ ទាំងកាយវិការ ទាំងពាក្យសំដី ត្រូវគោរពក្រមសីលធ៌មវិជ្ជាជីវៈរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត គោរពស្រឡាញ់ និងសូមបន្ដកិច្ចសហការជាមួយអង្គភាពជាដៃគូដើម្បីកាត់បន្ថយអត្រាជំងឺ និងអត្រាស្លាប់ដោយសារគ្រុនចាញ់នេះ  មិនត្រឹមតែប៉ុណ្ណោះត្រូវរួមគ្នាក្នុងការលប់បំបាត់ឲ្យអស់ជាស្ថាពរនៃជំងឺគ្រុនចាញ់ស្របតាមផែនការយុទ្ធសាស្ត្រជាតិលប់បំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១.ឆ្នាំ២០២៥របស់រាជរដ្ឋាភិបាល។

នៅក្នុងឱកាសនោះដែរ លោក ប៉ែន លីណាត អភិបាលរងខេត្ត មានប្រសាសន៍ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឲ្យចេះរស់នៅប្រកបដោយអនាម័យខ្ពស់ ត្រូវមានបរិស្ថានល្អរស់នៅស្អាត ហូបស្អាត ទើបជីវិតយើងរស់នៅមានជីវភាពរុងរឿង និងមានសុភមង្គលដែលកើតចេញពីយើងទាំងអស់គ្នាបានចូលរួមថែរក្សា។ចំពោះការការពាសូមឲ្យប្រជាពលរដ្ឋអនុវត្តតាមការណែនាំរបស់គ្រូពេទ្យគឺត្រូវសម្រាកក្នុងមុងជ្រលក់ថ្នាំបើមានមុខសញ្ញាណាមិនស្រួលត្រូវទៅពិគ្រោះជំងឺជាមួយអ្នកស្ម័គ្រចិត្តដែលមានជំនាញត្រឹមត្រូវឬទៅមណ្ឌលសុខភាពដែលជិតបំផុតដើម្បីពិនិត្យ និងព្យាបាលឲ្យចំមុខសញ្ញាជំងឺ ជៀសវាងកុំមានជំនឿហួសហេតុទៅលើការបន់ស្រន់អារុក្ខអារៈអ្នកតាព្រៃភ្នំដោយមិនបានគិតពីបច្ចេកទេសវិទ្យាសាស្រ្តរបច្ចុប្បន្ន។ ទន្ទឹមនេះដែរ សូមឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចេះសហការ កុំជឿតាមការបំផុសញុះញង់ពីមជ្ឈដ្ឋានមួយចំនួនឲ្យមានការភ័យខ្លាចចំពោះក្រុមគ្រូពេទ្យចុះយុទ្ធនាការចាក់ថ្នាំបង្ការការពារជំងឺក្នុងមូលដ្ឋានបងប្អូន៕ ដោយ ៖ ស៊ានចន្ទ័ដា