“ស្មៀន ខ្លាំងជាង មេឃុំ/ចៅសង្កាត់”

ភ្នំពេញ ៖ ថ្ងៃមួយនាយគ្រឿនខ្ញុំ (រហស្សនាម) បានចូលទៅទទួលទានកាហ្វេនៅហាងមួយកន្លែងម្តុំជិតពេទ្យចិនដែលគេល្បីថា កាហ្វេនៅទីនោះមានរសជាតិឆ្ងុយឆ្ងាញ់ខ្លាំងណាស់ ជាកាហ្វេធម្មជាតិ គ្មានជាតិគីមី និងលីងផ្ទាល់ដៃពីម្ចាស់ហាង ហើយភ្ញៀវចូលណែនៗរាល់ថ្ងៃតែម្តង ខណៈដែលនាយគ្រឿនខ្ញុំកំពុងតែអង្គុយទទួលទានកាហ្វេ ហើយដៃកាន់ទូរស័ព្ទមើលព័ត៌មានបណ្តើរយ៉ាងជក់ចិត្តនោះ ស្រាប់តែមានបុរសវ័យចំណាស់ៗចំនួន៤នាក់ដែលអង្គុយតុក្បែរនោះដែរ បានជជែកគ្នាពីរឿងធ្វើសំបុត្រកំណើតឲ្យ និងកិច្ចការងារខ្លះៗពាក់ព័ន្ធការរត់ឯកសារនៅអាជ្ញាធរឃុំ/សង្កាត់ ឮដូច្នេះនាយគ្រឿនខ្ញុំមិនបង្អង់យូរ ក៏ខំផ្ទៀងត្រចៀកស្តាប់យ៉ាងយកចិត្តទុកដាក់បំផុត។

មួយស្រមក់ក្រោយមកស្រាប់តែបុរសវ័យចំណាស់អាយុប្រមាណ៦០ឆ្នាំផ្លាយម្នាក់ ក្នុងចំណោមបុរសវ័យចំណាស់ទាំង៤នាក់ខាងលើនោះ បានត្អូញត្អែរពីរឿងធ្វើសំបុត្រកំណើតឲ្យកូន និងរឿងរត់ឯកសារផ្សេងៗនៅអាជ្ញាធរសង្កាត់ ប៉ុន្តែគាត់មិនបានបញ្ជាក់ធ្វើពីពេលណានោះទេ គ្រាន់តែនិយាយថា បើគ្មានលុយធ្វើអី្វក៏មិនចេញដែរ សូម្បីតែធ្វើសំបុត្រកំណើតឲ្យកូន ឬរត់ការឯកសារបន្តិចបន្តួច ក៏ត្រូវចំណាយលុយមិនតិចដែរ ជាពិសេសរឿងដែលយ៉ាប់ជាងគេនោះគឺ លោកស្មៀនតែម្តងខ្លាំងជាងមេឃុំ ឬ ចៅសង្កាត់ទៅទៀត..sic។

ជាមួយគ្នានេះមានបុរសម្នាក់ដែលកំពុងអង្គុយតុក្បែរនោះដែរក៏បានបន្ទរថា គាត់ធ្លាប់ជួបបញ្ហាបែបនេះដែរកាលគាត់លក់ផ្ទះ ជាពិសេសពេលរត់ឯកសារកាត់ឈ្មោះផ្ទេរសិទ្ធិមហាសែនពិបាកទម្រំានិយាយត្រូវជាមួយលោកស្មៀន បើមិនអញ្ចឹងគាត់ (ស្មៀន) ផ្អឹបឯកសារទុកចោលរាប់ថ្ងៃ រាប់ខែមិនខានមិនព្រមចុះលេខ ឬ មិនបញ្ជូនទៅឲ្យលោកចៅសង្កាត់ស៊ីញ៉េឡើយក្រោមហេតុផលរវល់មិនចេះចប់ ដែលសូម្បីតែពេលខ្លះទោះជាលោកចៅសង្កាត់ស៊ីញ៉េរួចគ្រាន់តែឲ្យស្មៀនចុះលេខ ឬ វាយត្រា តាមក្រោយ តែបើបើកឌូស្យេអត់ឃើញស្រោមសំបុត្រទេ កុំសង្ឃឹមឲ្យសោះ ទោះឪចៅសង្កាត់ស៊ីញ៉េទៀតគាត់ (ស្មៀន) មិនខ្វល់ផង។

បើតាមប្រភពដែលបានលើកឡើងក្រៅផ្លូវការជាច្រើនបាននិយាយថា ករណីបែបនេះមិនមែនកើតមានតែនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ ពោលកើតមានស្ទើរតែគ្រប់ទីកន្លែងតាមមូលដ្ឋានក្នុងព្រះរាជាណាចក្រកម្ពុជា ជាហេតុធ្វើឲ្យប្រជាពលរដ្ឋនូវតាមបណ្តាមូលដ្ឋានមួយចំនួនមានការថ្នាំងថ្នាក់ចិត្តខ្លះៗជាមួយមន្ត្រីអាជ្ញាធរតាមមូលដ្ឋាន។

ប្រភពខាងលើបានលើកឡើងទៀតថា បើតាមការកត់សម្គាល់ ការដឹកនាំអំណាចនៅថ្នាក់ក្រោមជាតិរវាងមេឃុំ/ចៅសង្កាត់ និងស្មៀន ពេលខ្លះហាក់ដូចជាពុំសូវស៊ីចង្វាក់គ្នា ដោយសារតែនៅតាមមូលដ្ឋានមួយចំនួន ស្មៀនពុំសូវស្តាប់បង្គាប់ មេឃុំ/ចៅសង្កាត់ឡើយដែលកត្តាទាំងនេះអាចផ្តើមចេញពីការយល់ឃើញថា មកពីតួនាទីរបស់ស្មៀន គឺតែងតាំងដោយក្រសួងមហាផ្ទៃ ដូច្នេះទោះជាយ៉ាងណាក្តីអំណាច មេឃុំ/ចៅសង្កាត់ អភិបាលស្រុក/ខណ្ឌ  អភិបាលខេត្ត/ក្រុង មិនអាចដក ឬ ផ្លាស់ប្តូរភារកិច្ចពួកគេតាមអំពើចិត្តបានជាដាច់ខាត បើគ្មានសេចក្តីសម្រេចពីក្រសួងមហាផ្ទៃនោះ។

សូមបញ្ជាក់ថា រាល់ខ្លឹមសារខាងលើនេះ គឺជាមតិដែលបានលើកឡើងពីសំណាក់ប្រជាពលរដ្ឋ ដែលនាយគ្រឿនដកស្រង់យកមកនិពន្ធដើម្បីធ្វើជាព្រាបនាំសារជូនថ្នាក់ដឹកនាំប៉ុណ្ណោះ មិនមែនជាទស្សនៈលើកឡើងរបស់អង្គភាពព័ត៌មាន ភ្នំពេញដេលី phnom penh daily news នោះទេ។ នេះក៏ជាសារដ៏មានសារៈសំខាន់មួយផងដែរ សម្រាប់ថ្នាក់ដឹកនាំកំពូលៗខាងលើបានជ្រាប ជាពិសេសក្រសួងមហាផ្ទៃ ក្នុងការពិនិត្យពីភាពអសកម្មរបស់មន្ត្រីនៅថ្នាក់ក្រោមជាតិ ដើម្បីជាប្រយោជន៍ធ្វើការកែទម្រង់ឲ្យបានស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការអនុវត្តនូវអភិក្រមទាំង៥ចំណុច និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វៈកាត់៕