អភិបាលខេត្តនាំយកអំណោយសួរសុខទុក្ខគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន១៥គ្រួសារ ក្នុងស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា និងលោកជំទាវនៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ បានអញ្ជើញចុះដឹកនាំក្រុមការងារដែលមានឯកឧត្តមលោកជំទាវលោក លោកស្រីជាអនុប្រធាននិងសមាជិកគណៈកម្មាធិការសាខាលោក លោកស្រីសមាជិកគណៈកម្មាធិការអនុសាខា មេឃុំ ក្រុមប្រឹក្សាឃុំលោកមេភូមិ និងអ្នកស្ម័គ្រចិត្តកក្រក បាននាំអំណោយមនុស្សធម៌ចុះសួរសុខទុក្ខគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ចំនួន១៥គ្រួសារ មកពី៨ភូមិ នៃឃុំបត់ត្រង់ ស្រុកមង្គលបូរី។

ក្នុងឱកាសសាកសួរសុខទុក្ខនេះដែរឯកឧត្តម អ៊ុំ រាត្រី បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ឌបណ្ឌិតប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា លោកតែងតែយកចិត្តទុក្ខដាក់ដល់ប្រជាពលរដ្ឋទូរទាំងប្រទេសដែលជួបការលំបាក។ ទន្ទឹមនោះ ឯកឧត្តមប្រធានសូមអរគុណដល់អាជ្ញាធរភូមិ ឃុំនិងមណ្ឌលសុខភាពបត់ត្រង់ដែលបានសហការជាមួយសាខាកក្រកដោយសាខាបានយោងតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២២។

ជាមួយគ្នានេះ ឯកឧត្តមប្រធានបានណែនាំបងប្អូនដែលផ្ទុកមេរោគអេដស៍ទាំងអស់គ្នាត្រូវចេះថែរក្សាសុខភាព បើមានបញ្ហាត្រូវរកមណ្ឌលសុខភាពឬមន្ទីរពេទ្យមិនត្រូវលាក់លៀម ព្រោះឥឡូវមិនមានការរើសអើងអ្វីនោះទេ។

សូមជម្រាបថា អំណោយដែលសាខានាំមកនូវពេលនេះក្នុង១គ្រួសារៗទទួលបាន ៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ២យួរ, ប្រេងឆា ១ដប, ស្ករស១ គីឡូក្រាម, ប្រេងកូឡា១ដប, ទឹកសុទ្ឌ២យួរ,ជែលលាងសម្អាតដៃ៤ដប, សារុង១,អាវយឺតកមូល៥ ,ថវិកាសាខា និងថវិកាផ្ទាល់របស់ឯកឧត្តម និងលោកជំទាវមួយចំនួនផងដែរ៕ ដោយ ៖ នាយកំសត់