សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីទទួលថវិកាពីសប្បុរសជននានាជាង១០ម៉ឺនដុល្លារដើម្បីជួយទ្រទ្រង់វិស័យមនុស្សធម៌

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ៨កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានរៀបចំប្រារព្វពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមប្រធានបទ (ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា)។

ពិធីស្ថិតក្រោមវត្តមានលោកឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក ម៉ែន ង៉ុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត តំណាងក្រុមហ៊ុន អាជីវករនានា ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធិកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស និងមានចូលរួមពីគណៈប្រតិភូ នៃខេត្តជាប់ព្រំដែន នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។

នាឱកាសនោះ លោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែង ថា ទិវាពិភពលោកកាកបាទក្រហមកម្ពុជា អឌ្ឍចន្ទក្រហម ៨ឧសភា ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់សម្រាប់ចលនា អន្តរជាតិកាកបាទក្រហម  អឌ្ឍចន្ទក្រហម  ក្នុងគោលបំណងបង្ហាញពីសេចក្ដីស្រឡាញ់ ការអាណិតអាសូរ ការយកចិត្តទុកដាក់ការព្រួយបារម្ភចំពោះបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងដែលត្រូវការអោយជួយសង្រ្គោះ ដោយគោរពតាមគោលការណ៍គ្រឹះទាំង៧ រួមមាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យ ភាព សេវាកម្មស្ម័គ្រចិត្ត  ឯកភាព សកលភាព។

លោកបញ្ជាក់ថា ថវិកាដែលបានចូលរួមពីសប្បុរសជននាពេលនេះចំនួន១០៦.១៥០ដុល្លារអាមេរិក នេះគឺជាសក្ខីភាព បង្ហាញអំពីការគាំទ្រយ៉ាងពេញទំហឹងដល់កាកបាទក្រហមកម្ពុជា ក៏ដូចសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដែលមានតួនាទីជាជំនួយការអោយអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌នាំមុខគេនៅកម្ពុជា ក្នុងបេសកកម្មកសាងពង្រឹង ប្រមូលផ្ដុំកម្លាំងមនុស្សធម៌ទាំងធនធានមនុស្ស បច្ចេកទេស ថវិកា ដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុតតាមរយៈការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពតាមសហគមន៍ លើកកម្ពស់គោលការណ៍គ្រឹះតម្លៃមនុស្សធម៌  របស់ចលនា និងការអភិវឌ្ឍសហគមន៍។

ជាមួយគ្នានោះលោកបានសំដែងនូវការកោតសរសើរ និងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជននានា ដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ រួមជាមួយរាជរដ្ឋាភិបាលទាំងកម្លាំងកាយ កម្លាំងចិត្ត បរិច្ចាគថវិកា សម្ភារៈ ក្នុងការជួយកាត់បន្ថយទុក្ខវេទនា និងការឈឺចាប់នៃជនរងគ្រោះគ្រប់ប្រភេទ តាមគោលការណ៏របស់កាកបាទក្រហមកម្ពុជា ក្នុងការត្រៀមបង្ការ និងការឆ្លើយតបដ៏មានប្រសិទ្ធិភាពចំពោះផលវិបាកនៃគ្រោះមហន្តរាយផ្សេងៗ

លោក ស្រី ដូច ដារ៉ា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឱ្យដឹងថា ក្នុងឆ្នាំ២០១៨-២០១៩នេះ សាខាកាកបាទក្រហមខេត្ត បានចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗមានចំនួន៨៧៤ គ្រួសារ។ ក្រៅពីនោះ សាខាក៏បានឧបត្ថម្ភថវិកាជូនដល់កាកបាទក្រហមខេត្តស្ទឹងត្រែង និងខេត្តក្រចេះ សម្រាប់ទិញសម្ភារៈជួយដល់គ្រួសាររងគ្រោះដោយសារគ្រោះទឹកជំនន់ និងបានចុះបណ្តុះបណ្តាលពីរបៀបថែទាំសុខភាពមុនពេលសម្រាល និងក្រោយសម្រាល ជូនដល់សមាជិកក្លឹប ថែទាំង ចុះធ្វើការអប់រំផ្សព្វផ្សាយពីជំងឺគ្រុនចាញ់-គ្រុនឈាម ជំងឺរាគ ជំងឺផ្តាសាយ និងសកម្មភាពផ្សេងៗទៀតជាច្រើនផងដែរ៕ ដោយ ៖ ជឹម ទូច