សមត្ថកិច្ចបំបែកសំណុំរឿងឃាតកម្មបាញ់សម្លាប់បុរសជនជាតិព្នងម្នាក់ នៅស្រុកកែវសីមា

ខេត្តមណ្ឌលគិរី ៖ លោក ឡោ សុខា ស្នងការខេត្តមណ្ឌលគិរីឲ្យដឹងថា សមត្ថកិច្ចបានប្រើពេល២០ថ្ងៃគត់ ក្នុងការបំបែកសំណុំរឿងឃាតកម្មដែលបានកើតឡើងអំឡុងពេលចូលឆ្នាំខ្មែរនៅស្រុកកែវសីមា  ហើយព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩នេះ ជនសង្ស័យត្រូវបានកម្លាំងនគបាលនាំខ្លួនទៅធ្វើត្រាប់ឡើងវិញ នៅកន្លែងកើតហេតុ ស្ថិតនៅក្មូមរយ៉ង (ហៅឃ្មូម) ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

លោកស្នងការបានបន្តទៀតថា ភ្លាមៗក្រោយពេលកើតហេតុ សមត្ថកិច្ចមិនទាន់ឃាត់ជនសង្ស័យនោះ គ្រាន់តែកំណត់មុខសញ្ញាជាក់លាក់។ បន្ទាប់មកកម្លាំងជំនាញបានឃាត់ខ្លួនមនុស្សចំនួន៣ នាក់ពីបទលាក់ទុកអាវុធខុសច្បាប់។

លោកបន្តថា ក្រោយពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យដែលជាខ្មាន់កាំភ្លើងតែម្ដង។ លោកបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលធ្វើការបាញ់ប្រហារលើជនរងគ្រោះមានឈ្មោះ ណន ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិរយ៉ង (ហៅឃ្មម) ឃុំស្រែឈូក ស្រុកកែវសីមា។ ក្រោយពេលសមត្ថកិច្ចសួរចម្លើយ ជនសង្ស័យបានសារភាពទាំងអស់ មូលហេតុដែលជនសង្ស័យឈានដល់ការបាញ់ប្រហាលើជនរងគ្រោះ ដោយសាររឿងទំនាស់ព្រំដី និងបានចោទជនរងគ្រោះថា ចេះអំពើរអាបធ្មប់។

គួររំលឹកដែរថា ករណីអំពើឃាតកម្មដ៏ព្រៃផ្សៃ បានកើតឡើងនៅវេលាម៉ោង០៨ និង៥១នាទីយប់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិរយ៉ង (ហៅឃ្មូម) ឃុំស្រែឈូក ស្រុកកែវសីមា ខេត្ដមណ្ឌលគីរី។ ជនល្មើសបានបាញ់ប្រហារ ទៅលើជនរងគ្រោះម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែង។

តាមរបាយការណ៍លោក កុយ ចំរើន នាយប៉ុស្តិ៍ស្រែឈូកបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ប្យុច ផុស អាយុ៣៩ឆ្នាំ ជនជាតិព្នង មុខរបរកសិករ មានប្រពន្ធឈ្មោះ ស្រោញ ចែវ មានកូនចំនួន៧នាក់ ស្រី៦នាក់ មានទីលំនៅកន្លែងកើតហេតុខាងលើ។ មុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីព្រៃវិញ ជាធម្មតាដូចសព្វមួយដង បន្ទាប់មកជនរងគ្រោះ បានទៅចូលរួមកម្មវិធីសែនព្រេនបុណ្យចូលឆ្នាំថ្មី រួចបានផឹកស្រាបៀរអស់៣កំប៉ុង ជាមួយអ្នកភូមិរួចត្រឡប់មកផ្ទះវិញ ហើយបានដេកមើលទូរស័ព្ទជាមួយកូន ស្រាប់តែមានជនមិនស្គាល់មុខ មកបាញ់ពីក្រោមផ្ទះត្រូវចំពោះចំនួន២គ្រាប់ ជនរងគ្រោះបានស្លាប់ភ្លាមនៅលើផ្ទះតែម្តង។ ជនសង្ស័យត្រូវបានឃាតខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនិតិវិធី៕ ដោយ ៖ ជឹម ទូច