បែកធ្លាយលោក ឈួន សោភា មេគយចល័តតំបន់៥ត្រូវបានអគ្គនាយកបណ្ឌិត គុណ ញឹម ចេញលិខិតឲ្យមកបំភ្លឺ

ភ្នំពេញ ៖ យោងតាមលិខិត1206/19 អ គ រ ចុះថ្ងៃព្រហស្បត្តិ៍ ១៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ចុះហត្ថលេខាដោយលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជម្រាបជូនលោកប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសគឺ សូមអញ្ជើញលោក ឈួន សោភា អត្ថលេខ 436 ជាប្រជាការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធតំបន់៥ ដើម្បីបំភ្លឺការងារមួយចំនួន នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទី នៅនាយកដ្ឋានហិរញវត្ថុ និងបុគ្គលិក (អគារវឌ្ឍនៈកាពីតាល់)។

ជុំវិញករណីដែលលោកបណ្ឌិត គុណ ញឹម  ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញលិខិតអញ្ជើញលោក ឈួន សោភា អត្ថលេខ 436 ជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់គេចពន្ធតំបន់៥ មកបំភ្លឺការងារមួយចំនួនតាមរយៈលោកប្រធាននាយកដ្ឋាន បង្ក្រា និងបង្ក្រាបបទល្មើស នៅនាយកដ្ឋានហិរញវត្ថុ និងបុគ្គលិក កាលពីថ្ងៃទី០៣  ខែឧសភា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនយល់ឃើញថា អាចពាក់ព័ន្ធនឹងអំពើពុករលួយរបស់លោក ឈួន សោភា ដែលយកតួនាទី និងអំណាចក្នុងនាមជាប្រធានគយចល័តតំបន់ ទៅឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីខុសច្បាប់ ព្រោះតែលាភសក្ការៈផ្ទាល់ខ្លួន ធ្វើឲ្យចំណូលពន្ធគយមួយចំនួនមានការបាត់បង់។

មានការលើកឡើងថា កន្លងមកលោក ឈួន សោភា ធ្លាប់បានប្រើអំណាចគាបសង្កត់ដល់ក្រុមឈ្មួញ និងអាជីវកររកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ តាមអំពើចិត្ត មិនញញើតពីចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយសូម្បីតែបន្តិចណាសោះ ធ្វើឲ្យឈ្មួញរកស៊ីមិនសប្បាយចិត្តគ្រប់ៗគ្នា រហូតមានការចេញលិខិតអញ្ជើញពីលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឲ្យចូលខ្លួនបំភ្លឺកាលពីដើម ខែឧសភា កន្លងទៅថ្មីៗនេះ។

មានការកត់សំគាល់ឃើញថា ជានិច្ចកាលក្រុមឈ្មួញ និងអាជីវករ ដែលរកស៊ីដឹកជញ្ជូនទំនិញតាមរថយន្ត តូច ធំ ចរាចរណ៍តាមផ្លូវជាតិលេខ៥ ឆ្លងកាត់មុខស្នាក់ការគយចល័តតំបន់៥ នៅចំណុចស្ពានទឹកថ្លា ស្ថិតក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលគ្រប់គ្រងដោយលោក ឈួន សោភា តែងឈប់ចុះជួបមន្ត្រីគយប្រចាំការនៅទីនោះអត់ដែលរំលងម្តងណាឡើយ ទើបគ្មានការត្រួតពិនិត្យចំពោះរថយន្តដឹកទំនិញទាំងនោះឲ្យបានម៉ត់ចត់ ហើយសកម្មភាពបែបនេះអាចបណ្តាលមកពីមានការឃុបឃិតគ្នាជាមួយក្រុមឈ្មួញរកស៊ីទទួលសំណូកក្រោមតុតាមរបៀបពុករលួយផងក៏មិនដឹង៕ ដោយ ៖ មុន្នីឧត្តម