នាយករដ្ឋមន្រ្តីនេប៉ាល់នឹងមកដល់កម្ពុជានារសៀលនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូការរយៈពេល៣ថ្ងៃ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៣ ខែឧសភានេះ នាយករដ្ឋមន្រ្តីនេប៉ាល់ លោក ខេភី សាម៉ា អូលី នឹងមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៥ ខែឧសភា ឆ្នាំ២០១៩នេះ។
លោក ខេភី សាម៉ា អូលី នាយករដ្ឋមន្រ្តីនេប៉ាល់ មកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺតបតាមកាអញ្ជើញ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា។

ក្នុងនោះ លោក ខេ ភី សាម៉ា អូលី នឹងចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ លោកក៏នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេស។

បន្ថែមពីនេះ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ ត្រូវបានរំពឹងថា នឹងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា។ លោកក៏នឹងអញ្ជើញទៅទស្សនាទីកន្លែងសំខាន់ៗមួយចំនួននៅរាជធានីភ្នំពេញផងដែរ។

ក្រសួងការបរទេសបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់ លោកនាយករដ្ឋមន្រ្តីនេប៉ាល់ មកកាន់កម្ពុជានាពេលខាងមុខនេះ នឹងពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាព និងលើកតម្កើងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរ៕

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីនេប៉ាល់ មកកាន់កម្ពុជានាពេលនេះដើម្បីពង្រឹងឲ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាព និងលើកតម្កើងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជ កម្ម ទេសចរណ៍ និងវប្បធម៌ រវាង ប្រទេសទាំងពីរ៕