លោក យន្ត មីន ជាប់ឆ្នោតជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៥

ខេត្តព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ត្រូវបានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុបោះឆ្នោតជ្រើសរើសជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុសម្រាប់អាណត្តិទី៥។

ការបោះឆ្នោតនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងពិធីសន្និបាទបូកសរុបការងារអាណត្តិទី៤ និងរៀបចំការងារបន្តសម្រាប់អាណត្តិទី៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះ រៀបចំនៅសាលប្រជុំសាលាខេត្តព្រះសីហនុ ក្រោមវត្តមាន លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

នៅក្នុងពិធីនោះ ក៏មានការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដោយជ្រើសរើសប្រធាន-អនុប្រធាន និងសមាជិកសម្រាប់អាណត្តិទី៥។

ការបោះឆ្នោតអាណត្តិទី៥នេះ អមដោយអនុប្រធាន សមាជិក និងសមាជិកបម្រុង (សរុបចំនួន១៥រូប)។ បន្ថែមលើនេះ ក៏មានការប្រកាសទទួលស្គាល់ប្រធាន និងអនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់អាណត្តិទី៥នេះ ក្នុងនោះលោកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភា ទទួលជាប្រធានកិត្តិយស អមដោយអនុប្រធានកិត្តិយសសរុបចំនួន២៩រូប៕ ដោយ ៖ តឹង សុភាព