អារ៉ាប៊ីសាអូឌីតថា នាវាដឹកប្រេងពីរគ្រឿងរងការវាយប្រហារ នៅក្បែរប្រទេសអេមីរ៉ាត់អារ៉ាប់រួម

ឌូបៃ ៖ រដ្ឋមន្រ្តីក្រសួងថាមពលអារ៉ាប៊ីសាអូឌីត លោក ខាលីដ អាល់ហ្វាលី (Khalid al-Falih) បាននិយាយនៅថ្ងៃច័ន្ទនេះថា កាលពីថ្ងៃអាទិត្យនាវាដឹកប្រេង ០២គ្រឿងរបស់ខ្លួនបានទទួលរងការវាយប្រហារនៅក្នុងដែនសមុទ្រក្បែរទីក្រុង ហ្វ៊ូហ្សៃរ៉ាហ៍ (Fujairah) នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CGTN។

បើតាមសេចក្តីថ្លែងការណ៍របស់លោក Falih កប៉ាល់មួយគ្រឿងក្នុងចំណោមនោះ បានស្ថិតនៅលើផ្លូវធ្វើដំណើរ ដើម្បីឆ្ពោះទៅស្តុកប្រេងនៅឯកំពង់ផែទីក្រុង រ៉ាស់ថានួរ៉ា (Ras Tanura) របស់អារ៉ាប៊ីសាអូឌីត ដើម្បីដឹកយកទៅឲ្យអតិថិជនរបស់ ក្រុមហ៊ុនប្រេងរដ្ឋអារ៉ាប៊ីសាអូឌីត សូឌីអារ៉ាមកូ (Saudi Aramco) នៅសហរដ្ឋអាមេរិក។ យ៉ាងណាមិញពុំមានមនុស្សរងគ្រោះ ឬក៏ការកំពប់ប្រេងឡើយ ប៉ុន្តែកប៉ាល់ទាំង ០២គ្រឿង បានរងការខូចខាតគួរសម។ ដោយឡែកពុំមានការបញ្ជាក់លម្អិតទៀតនោះឡើយ ជុំវិញសកម្មភាពវាយប្រហារនេះ។

បើតាមក្រសួងការបរទេសអេមីរ៉ាត់អារ៉ាប់រួម កាលពីថ្ងៃអាទិត្យកប៉ាល់ពាណិជ្ជកម្មសរុបចំនួន ០៤គ្រឿង បានរងការវាយប្រហារ នៅក្បែរដែនសមុទ្ររបស់ខ្លួន ប៉ុន្តែមិនមានមនុស្សរងគ្រោះនោះទេ តែពុំមានការបញ្ជាក់លម្អិតឡើយ៕