ស្លាប់៩នាក់ និងរបួស៣០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១៣ ខែឧសភានេះ

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន២២លើក (យប់១០លើក) បណ្ដាលឲ្យមនុស្សស្លាប់៩នាក់ (ស្រីម្នាក់), របួសស្រាល៩នាក់ (ស្រី២នាក់) និងរបួសធ្ងន់២១នាក់ (ស្រី៦៧នាក់)។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបន្តថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង២២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន២៦គ្រឿង, រថយន្តតូច១១គ្រឿង, រថយន្តធំ៤គ្រឿង, យានផ្សេងៗ២គ្រឿង និងថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, ស្រវឹង,​ កត្តាយាន និងប្រជែង។

របាយការណ៍បញ្ជាក់ថា រយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១៥៣លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៦៧នាក់ របួសធ្ងន់១៣៨នាក់ និងរបួសស្រាល៦៥នាក់៕